06/12/21 10:22 AM

រាល់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់គឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិនីមួយៗ ពិសេសគឺផ្លូវថ្នល់។ ព្រោះផ្លូវថ្នល់ជាសរសៃឈាមនិងជាចរន្តដល់មានសក្កាដានុពលសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់។ នេះជាប្រសាសន៍របស់ឯកឧត្តមនស៊ុន ចាន់ថុលននៅក្នុងការចូលរួមសម្ពោធជាផ្លូវការនៅផ្លូវជាតិលេខ១១ ដែលតភ្ជាប់ពីខេត្តព្រៃវែងទៅខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៦ ខែធ្នូឆ្នាំ២០២១ ព្រឹកមិញនេះ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ផ្លូវជាតិលេខ១១ នេះ នឹងក្លាយជាផ្លូវមួយខ្សែដ៏មានសក្តានុពលតភ្ជាប់ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជន រវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ជាមួយនឹងរាជធានី-ខេត្តផ្សេងៗដទៃទៀត។ ជាផ្លូវមួយដែលជួយសម្រួលដល់ចរាចរណ៍ ការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងទេសចរ ព្រមទាំងកសិផល និងដំណាំកសិឧស្សាហកម្មផ្សេងៗជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចនានាទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។ ផ្លូវនេះត្រូវបានចាត់ទុកថាជាសរសៃឈាម និងដង្ហើមសេដ្ឋកិច្ចដ៏រស់រវើករបស់ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ និងជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងតំបន់។
លោកទេសរដ្ឋមន្ត្រី ក៏បានឱ្យដឹងផងដែរថា តាមលក្ខណៈភូមិសាស្ត្រ ការស្ថាបនា និងលើកកម្រិតផ្លូវជាតិលេខ១១នេះឡើងវិញ គឺមិនត្រឹមតែជួយសម្រួលដល់ចរាចរណ៍ប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងជួយបង្ការ ការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់នាពេលអនាគតផងដែរ ជាក់ស្តែងនៅត្រង់ចំណុច គ.ម០៩+០០០ ដល់ គ.ម១០+០០០ ស្ថិតនៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ និងគ.ម១៦+០០០ ដល់ គ.ម១៩+000 ស្ថិតនៅភូមិបាបោង ឃុំបាបោង ស្រុកពាមរក៍ ត្រូវបានសាងសង់ដោយលើកតួផ្លូវ និងចាក់ដីបន្ថែមកម្ពស់ ១.៥ម៉ែត្រទៀត ដើម្បីទប់ទល់នឹងការជន់លិចស្ទើររៀងរាល់ឆ្នាំនៅរដូវវស្សា។
ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា ដើម្បីកែប្រែមុខមាត់កម្ពុជាឲ្យសេដ្ឋកិច្ចមានការរីកចម្រើនជីវភាពប្រជាពលរដ្ឋមានភាពលូតលាស់ល្អ ត្រូវមានការចូលរួមលើគ្រប់វិស័យ ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ ស្ពានផ្លូវថ្នល់ជាដើម ត្រូវមានគុណភាពល្អ គង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។
អត្ថបទ: ប្រសិទ្ធ





