08/12/21 03:43 AM
ព័ត៌មានជាសំឡេង
ភ្នំពេញ៖ តបតាមការអញ្ជើញ របស់លោក Li Guoying រដ្ឋមន្រ្តីក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២១ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួម ក្នុងវេទិកាកិច្ចសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ លើកទី២ ក្រោមប្រធានបទ «ធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍរួម» ដែលប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ Zoom ។
ថ្លែងក្នុងពិធីបើក នៃវេទិកាខាងលើ លោករដ្ឋមន្រ្តី បានលើកឡើងអំពីសារសំខាន់ នៃទន្លេមេគង្គ-ឡានឆាង ដែលផ្តល់នូវធនធានទឹក និងធនធានពាក់ព័ន្ធ សម្រាប់ជួយជំរុញ ដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមសម្រាប់បណ្តាប្រទេសតាមដងទន្លេ ក៏ដូចជា ទ្រទ្រង់ដល់ជីវភាពរស់នៅ និងសុខុមាលភាព នៃប្រជាជនក្នុងអាងទាំងមូល។
លោក រដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ដោយសារតែបញ្ហាប្រឈម រួមមាន៖ កំណើនប្រជាជន ការកើនឡើងនូវតម្រូវការសម្រាប់សន្តិសុខទឹក ស្បៀងអាហារ និងថាមពល នៅក្នុងបណ្តាប្រទេសតាមដងទន្លេ និង ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងអាង គួបផ្សំ នឹងផលប៉ះពាល់ និងហានីភ័យ នៃការប្រែប្រួល អាកាសធាតុ ដែលកើតឡើង បាននឹងកំពុងដាក់សម្ពាធមកលើធនធាន និងនិរន្តរភាពទន្លេ ដែលនេះ ជាទំនួលខុសត្រូវរួម របស់ប្រទេស តាមដងទន្លេទាំងអស់ ដែលចាំបាច់ត្រូវពង្រឹង កិច្ចសហប្រតិបត្តិការ តំបន់ និងត្រូវធ្វើការរួមគ្នា ឆ្ពោះទៅសម្រេចបាននូវ លទ្ធផលប្រកបដោយនិរន្តរភាព នៅក្នុងបរិបទធានាបាននូវសន្តិសុខទឹក ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់មេគង្គ-ឡានឆាង។
ជាងនេះទៅទៀត លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និងសមិទ្ធិផលសំខាន់ៗ ដែលសម្រេចបាន រហូតមកទល់ពេលនេះ ក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ដោយបានរួមចំណែក ជួយបណ្តាប្រទេសតាមដងទន្លេ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយ ចីរភាព និងបានជួយនាំមកនូវវិបុលភាព ក្នុងតំបន់ប្រកបដោយផលិតភាព និងលទ្ធផលជាក់ស្តែង ដែលក្នុងនោះ ក៏រួមទាំងកិច្ច សហប្រតិបត្តិការធនធានទឹក ផងដែរ និងក៏បានគូសបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្ត និង ការត្រៀម ខ្លួនរបស់កម្ពុជា ដើម្បីបន្តធ្វើការ កាន់តែជិត ស្និតក្នុងស្មារតី នៃការទទួលខុសត្រូវ រួមគ្នាឆ្ពោះទៅរកការសម្រេចបាននូវវិបុលភាពរួមគ្នា ជាមួយនឹងកំណើន ប្រកបដោយបរិយាប័ន្ន និងអនាគតប្រកប ដោយចីរភាពសម្រាប់ប្រទេស តាមដងទន្លេនីមួយៗ និងសម្រាប់តំបន់ ឡានឆាង-មេគង្គទាំងមូល រួមគ្នា ៕

