08/12/21 06:27 AM

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងដល់ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន អាចបន្តបញ្ជាទិញឧបករណ៍តេស្តរហ័ស ពីប្រៃសណីយ៍កម្ពុជាវិញ ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ តទៅ។
ក្រសួងក៏បានបន្ថែមថា ការផ្ទេរឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅ ប្រៃសណីយ៍កម្ពុជានឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ តទៅ ហើយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ដែលត្រូវផ្ទេនោះរួមមាន Asan Easy Test ផលិតនៅ ប្រទេសកូរ៉េ និង Wondfo ផលិតនៅ ប្រទេសចិន។
អ្នកពាក់ព័ន្ធទាំងអស់អាចបញ្ជាទិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្មដែលធ្លាប់ប្រើប្រាស់ពីមុនមក អាចចូលទៅកាន់ mptc.gov.kh/rt ឬ អញ្ជើញទិញដោយផ្ទាល់នៅប្រៃសណីយ៍កម្ពុជា ដែលមានអាសយដ្ឋាន វិថីព្រះអង្គអេង (១៣) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយឡែកអ្នកដែលបានបញ្ជាទិញ និងទូទាត់រួចមុនថ្ងៃទី១៣ ខែធ្នូ សូមមកទទួលឧបករណ៍តេស្តរហ័សនៅ ទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដដែល។
គួររំលឹកផងដែរថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ដល់បណ្តាក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន ដើម្បីងាយស្រួលការរកទិញ។ ពិសេសគឺបានចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលកូវីដ-១៩បាន យ៉ាងឆាប់រហ័សផងដែរ។
អត្ថបទៈ ប្រសិទ្ធ

