08/12/21 09:07 AM
អត្ថបទៈ ប្រសិទ្ធ
ភ្នំពេញ៖ ដោយមានការកកស្ទះទំនិញនៅច្រកទ្វាព្រំដែនទៅលើការដឹកជញ្ជូន ក្រុមការងារចម្រុះនៃភាគីរាជរដ្ឋាភិបាលកម្ពុជា និងភាគីរដ្ឋាភិបាលវៀតណាម បានជួបប្រជុំពិភាក្សាគ្នាដើម្បីពិនិត្យមើល នឹងរកដំណោះស្រាយពីការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-វៀតណាម និងពិនិត្យពិភាក្សាលើបញ្ហាប្រឈម ពីការកកស្ទះចរាចរណ៍ដោយសារការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននៅច្រកព្រំដែនអន្តរជាតិទ្វេភាគី។
លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រុមការងារប្រទេសទាំងពីរបានពិភាក្សាគ្នា និងដំណោះស្រាយធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការដឹកជញ្ជូន នៅច្រកទ្វារព្រំដែនអន្តរជាតិទ្វេភាគី ខណៈការបញ្ចេញទំនិញឆ្លងដែនក្នុងពេលបច្ចុប្បន្នមានភាពយឺតយ៉ាវ ដោយសាររង់ចាំការបំពេញបែបបទឯកសារស្មុគស្មាញ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក ង្វៀន ហុយតាំង (Nguyen Huy Tang) បានស្នើដល់កម្ពុជា ជួយកែសម្រួលបែបបទនៃការឆ្លងកាត់ទំនិញនៅព្រំដែនរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល ដើម្បីជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានមលំហូរ និងសកម្មថែមទៀត។
លោកបានបន្តថា ការបើកច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរ បង្កើនការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរ ដល់ជួយដល់ការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមរបស់ប្រជាជាតិទាំងពីរ។
មន្ត្រីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានបង្ហាញដែរថា ការដោះដូរទ្វេភាគីចាប់តាំងពីដើមឆ្នាំរហូតដល់ជិតដំណាច់ឆ្នាំ២០២១នេះ មានទឹកប្រាក់សរុបជាង ៧ ពាន់លានដុល្លារ ដោយនៅក្នុងនោះការនាំចូលរបស់កម្ពុជាទៅប្រទេសវៀតណាមច្រើនជាងវៀតណាមនាំចូលមកកម្ពុជា បើទោះបីស្ថិតក្នុងដំណាក់កាលនៃការរាតត្បាតដោយជំងឺកូវីដ-១៩។ ទំនិញពីកម្ពុជានាំចេញទៅវៀតណាម ភាគច្រើនជាផលិតផលកសិកម្មមានដូចជា៖ ស្រូវ ពោត ដំឡូងមី សណ្តោងសៀង ជ័រកៅស៊ូ គ្រាប់ស្វាយចន្ទី ជាដើម។




គួររំលឹកផងដែរថា នៅក្នុងអំឡុងពេលនៃការផ្ទុះរីករាលដាលកូវីដ-១៩ខ្លាំងនោះ ប្រទេសកម្ពុជា-វៀតណាមក៏ធ្លាប់បានបិទប្រទេសផងដែរ ដោយឲ្យមានការនាំទំនិញចេញចូលតែទំនិញសំខាន់ៗ និងចាំបាច់ប៉ុណ្ណោះ នឹងមានផលលំបានខ្លាំងមែនទែនក្នុងការនាំចេញ និងនាំចូលទៅវិញទៅមក។