08/12/21 10:22 AM
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍ឯកឧត្ដម វ៉ាត់ ចំរើន បានបញ្ជាក់ថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែធ្នូខាងមុខ ក្រោមអធិបីតភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកអគ្គរដ្ឋទូចចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន ។
ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាមាក់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ពហុកីឡដ្ឋាននេះ មានចម្ងាយ ១២គីឡូម៉ែត្រ ពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។ ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានធ្វើពិធីប្រគល់ និងទទួលជាផ្លូវការកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី។
ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងថា សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអនុញ្ញាតឲ្យមានអ្នកចូលរួម ១ម៉ឺន៥ពាន់នាក់ ដើម្បីអបអរសាទរសមិទ្ធផលថ្មីដ៏អស្ចារ្យនេះ ហើយត្រូវបានរំពឹងថា អាចនឹងក្លាយជាព្រឹត្តិការណ៍ ដែលមានអ្នកចូលរួមច្រើនជាងគេ បន្ទាប់ពីស្ថានភាពកូវីដ-១៩ នៅកម្ពុជាធូរស្រាល ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍បន្ដថា ពិធីសម្ពោធនេះ គឺជាពិធីដ៏មានអត្ថន័យជ្រាលជ្រៅ ដោយនឹងមានការរៀបចំយ៉ាងអធិកអធម។ ដូច្នេះក្រៅពីកម្មវិធីសម្ដែងសិល្បៈ និងកីឡា ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ គណៈកម្មការគ្រប់ផ្នែក ក៏ត្រូវផ្ដោតការយកចិត្តទុកដាក់លើតួនាទីរៀងៗខ្លួន តាំងពីសន្ដិសុខ សណ្ដាប់ធ្នាប់ និងវិធានការការពារជំងឺកូវីដ-១៩ ជាដើម ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍បានសង្កត់ធ្ងន់ថា ការចូលរួមមនុស្សច្រើន ជាង១ម៉ឺននាក់នេះ គឺជាព្រឹត្តិការណ៍ដែលមានអ្នកចូលរួមដ៏ច្រើនមួយ ដែលអាចថា ជាព្រឹត្តិកាណ៍ដែលមានមនុស្សច្រើនជាងគេ បន្ទាប់ពីស្ថានភាពកូវីដ-១៩ ធូរស្រាល ។ តាមរយៈនេះ ការរៀបចំត្រូវតែម៉ត់ចត់ក្នុងការធ្វើតេស្ដ និងពិនិត្យសុខភាពអ្នកចូលរួមទាំងអស់ ក្រោមយន្ដការ និងការត្រួតពិនិត្យដ៏ច្បាស់លាស់។
សូមបញ្ជាក់ថា ពិធីសម្ពោធវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណង់របស់រដ្ឋាភិបាល និងប្រជាជនចិននេះ នឹងប្រព្រឹទ្ធទៅនាព្រឹកថ្ងៃទី១៨ ខែធ្នូខាងមុខ ។ ក្នុងឱកាសនោះ ក៏នឹងមានការរៀបចំនូវពិធីរ៉ាប់ថយក្រោយ ៥០០ថ្ងៃ នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បើគិតពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីបើកការប្រកួតផ្លូវការព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះផងដែរ ៕







