កម្ពុជាគាំទ្រដល់កិច្ចប្រឹងប្រែង ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា និងពង្រឹងមជ្ឈភាពសាមគ្គីភាពអាស៊ាន


ត្រលប់ក្រោយ

08/12/21 13:25 PM

ចំនួនទស្សនា៖

390

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអញ្ជើញមកបំពេញទស្សនៈកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦-០៧ ខែធ្នូ ឆ្នាំ២០២១។


ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម វុនណា ម៉ោងល្វីន បានចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងឱកាសនោះមានការផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងទូលំទូលាយអំពីទំនាក់ទំនងទ្វេភាគី និងការវិវត្តនៃស្ថានការណ៍ក្នុងតំបន់នាពេលថ្មីៗនេះ។


ជាមួយគ្នានេះដែរ ក៏មានការពិភាក្សាដោយត្រង់ទៅត្រង់មក អំពីវិធីដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក៏ដូចជាការពង្រឹងមជ្ឈភាព និងសាមគ្គីភាពអាស៊ាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ព្រមទទួល ការអញ្ជើញទៅបំពេញទស្សនៈកិច្ចនៅមីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២ ។


ក្នុងជំនួបទ្វេភាគីរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម វុនណា ម៉ោងល្វីន កិច្ចពិភាក្សាបានផ្តោតសំខាន់ទៅលើបញ្ហាអាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឯកឧត្តមរដ្ឋមន្ត្រី ការបរទេសមីយ៉ាន់ម៉ាបានអបអរសាទរកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ហើយបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអាទិភាព និងគម្រោងសមិទ្ធផលរបស់កម្ពុជា។ ទន្ទឹមនឹងការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំមេដឹកនាំអាស៊ានកាលពីខែមេសា ឆ្នាំ២០២១ មីយ៉ាន់ម៉ា ទន្ទឹងរង់ចាំស្វាគមន៍ និងធ្វើការសម្របសម្រួលជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីអនុវត្តនូវការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច រួមទាំងការធ្វើឲ្យកាន់តែប្រសើរថែមទៀតនូវដំណើរការផ្តល់ជំនួយមនុស្សធម៌។


ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តម វុនណា ម៉ោងល្វីន បានថ្លែងអំណរគុណជំនួយជាថវិកា និងសម្ភារដែលកម្ពុជាបានផ្តល់យ៉ាងទាន់ពេលវេលា ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងការគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩នៅក្នុងប្រទេស៕


dd
Bottom Ad