09/12/21 02:45 AM
ព័ត៌មានជាសំឡេង
រតនគិរី៖ នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយក្រុមប្រតិភូ តំណាងអគ្គរដ្ឋទូតកាណាដា ប្រចាំប្រទេសកម្ពុជា ដែលដឹកនាំដោយលោក យ៉ាន ស្កាតស៊ីហ្គីណូ។
ការជួបពិភាក្សាការងារនាឱកាសនេះ ធ្វើឡើងនៅបន្ទប់ប្រជុំ VIP សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត តំណាងក្រុមហ៊ុនអង្គរហ្គោល លោកនាយករងរដ្ឋបាលសាលាខេត្ត និងមន្រ្ដីពាក់ព័ន្ធមួយចំនួនផងដែរ។
ក្នុងជំនួបនេះលោក យ៉ាន ស្កាតស៊ីហ្គីណូ បានជម្រាបជូនឯកឧត្តមអភិបាលខេត្តពីគោលបំណងនៃការចូលជួបនេះ គឺដើម្បីអបអរសាទរ និងជូនពរឯកឧត្តមក្នុងឱកាស ដែលបានទទួលភារកិច្ចថ្មី ជាអភិបាលខេត្តរតនគិរី។ លោកក៏បានបង្ហាញនូវអារម្មណ៍ សប្បាយរីករាយដែលបានមកដល់ខេត្តរតនគិរី បានឃើញការអភិវឌ្ឍក្នុងខេត្ត ក៏ដូចជារមណីយដ្ឋានស្អាតៗ ហើយបង្ហាញនូវក្ដីរីករាយដែលមានក្រុមហ៊ុនមកពីប្រទេសកាណាដាធ្វើការវិនិយោគក្នុងខេត្តរតនគិរី ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋកម្ពុជាពិសេសជួយ ដល់បងប្អូនជនជាតិដើមភាគតិចផងដែរ។
ជាការឆ្លើយតប ឯកឧត្តម ញ៉ែម សំអឿន ក៏បានលើកឡើងអំពីសក្ដានុពលរបស់ខេត្តរតនគិរី ដែលក្នុងនោះ វិស័យទេសចរណ៍ជាផ្នែកមួយដែលសំខាន់នៅក្នុងខេត្ត ដែលរួមមានរមណីយដ្ឋានទេសចរណ៍ស្អាតៗ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ល្បីល្បាញទូទាំងប្រទេស ក៏ដូចជាទៅដល់ក្រៅប្រទេសផងដែរ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខេត្ត។ ហើយខេត្តរតនគិរីមានផ្ទៃដីល្អដែលមានជីជាតិ ល្អសម្រាប់វិស័យកសិកម្ម និងការដាំដុះលើដំណាំកសិកម្ម និងកសិឧស្សាហកម្មផងដែរ។ ដូច្នេះសង្ឃឹមថានឹងមានក្រុមហ៊ុនពីប្រទេសកាណាដា បន្ថែមទៀតមកធ្វើការវិនិយោគ លើទឹកដីដ៏សម្បូរបែបនេះ ក្នុងពេលឆាប់ៗខាងមុខ៕
ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

