មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បិទបញ្ចប់យុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី- ក្មេងស្រី ដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ


ត្រលប់ក្រោយ

10/12/21 02:55 AM

ចំនួនទស្សនា៖

607

ប្រភព៖

ភ្នំពេញ

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៥ខែវិច្ឆិកាដល់ថ្ងៃទី ១០ខែធ្នូ ឆ្នាំ ២០២១នេះ គឺជាគម្រប់១៦ថ្ងៃនៃយុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី ក្រោមប្រធានបទជាសកល "ពិភពលោកទឹកក្រូចបញ្ចប់អំពើហិង្សាលើស្រ្តី និងក្មេងស្រីចាប់ពីពេលនេះ”។នៅថ្ងៃទី១០ខែធ្នូនេះផងដែរ គឺជាការបិទបញ្ចប់នូវយុទ្ធនាការបញ្ឈប់ អំពើហិង្សាលើស្ត្រី និងក្មេងស្រី។


នាឱកាសបិទយុទ្ធនាការនេះដែរលោកស្រី កាន់ រតនៈឧប្បល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ មានប្រសាសន៏ឲ្យដឹងថា៖ មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ចូលរួមយ៉ាងសកម្មជាមួយក្រសួងកិច្ចការនារី ក៏ដូចជារាជរដ្ឋាភិបាលរៀបចំយុទ្ធនាការនេះ ជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី ២៥ខែវិច្ឆកាដល់ថ្ងៃទី ១០ ខែធ្នូ នៅថ្នាក់ជាតិ និងក្រោមជាតិ។


លោកស្រី ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ មានប្រសាសន៍នៅថ្ងៃទី១០ ខែធ្នូនេះថា៖ ក្រសួងកិច្ចការនារីបានធ្វើយុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖ ១/. បង្កើនការចូលរួមទប់ស្កាត់ និងការឆ្លើយតបអំពើហិង្សាទងនឹងយេនឌ័រ ២/.លើកកម្ពស់ការប្រព្រឹត្តបែបវិជ្ជមាន ចំពោះជនរងគ្រោះ/ ជនងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ៣/. លើកទឹកចិត្តយុវជន អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមបញ្ចប់ អំពើហិង្សាលើស្រ្តី និងក្មេងស្រី ៤/. លើកកម្ពស់ឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងសិល្បះករ វិស័យឯកជន ចូលរួមអនុវត្តសកម្មភាព ដោយប្រើប្រាស់ឌីជីថល តាមប្រព័ន្ធអនឡាញ ដើម្បីឆ្លើយតបសកម្មភាព ដែលជាតម្រូវការចាំបាច់ ក្នុងស្ថានភាពកូវីដ-១៩ និងទី៥/. គៀងគរថវិកាពីអង្គការដៃគូ សង្គមស៊ីវិល ទាំងអស់ចូលរួមគាំទ្រ និងរៀបចំយុទ្ធនាការ១៦ ឱ្យបានទូលំទូលាយ និងដល់ក្រុមគោលដៅទាំងអស់ ប្រកបដោយបរិយាប័ន្ន។


លោកស្រីប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បញ្ជាក់ថា៖ មន្ទីរកិច្ចការនារីរាជធានីភ្នំពេញបាន ចូលរួមយុទ្ធនាការនេះ មានដូចជាការបំពាក់ភ្លើងពណ៌ទឹកក្រូច នៅមន្ទីរកិច្ចការនារី និងចងបដា ដែលមានសារជាគន្លឹះៗធ្វើវេទិកាតាមប្រព័ន្ធឌីជីថលជាមួយក្រុមគោលដៅពិការភាព សិល្បៈករ អង្គការដៃគូពាក់ព័ន្ធនឹងវិស័យឯកជន រៀបចំផ្សព្វផ្សាយតាមបណ្តាញព័ត៌មាន វិទ្យុ ទូរទស្សន៍ និងតាមវេបសាយនានាដើម្បីបំផុសផ្សព្វផ្សាយយុទ្ធនាការនេះ។


លោកស្រី កាន់ រតនៈឧប្បលមានប្រសាសន៍បន្តទៀតថា៖ អំពើហិង្សាលើស្រ្តី និងក្មេងស្រីគឺជាបញ្ហាសំខាន់សម្រាប់ស្ត្រីជាច្រើន នៅជុំវិញពិភពលោក និងនៅកម្ពុជា ដែលក្រសួងកិច្ចការនារី និងរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ ដល់ការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ក្នុងវិស័យនានាក្នុងសង្គម និងវិស័យផ្សេងៗទៀត ពីព្រោះស្ត្រីគឺជាឆ្អឹងខ្នងយ៉ាងរឹងមាំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការបង្កើនសមត្ថភាពដល់ស្ត្រី-ក្មេងស្រី នៅកម្ពុជា។


ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងជាពហុវិស័យ នៅក្នុងការបន្តត្រួតពិនិត្យលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពីអំពើហិង្សាលើស្រ្តី និងការចែករំលែកបទពិសោធន៍លើការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សាលើស្រ្តីក្នុងបរិបទកូវីដ-១៩ និងចូលរួមអបអរសាទរបើកយុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានរៀបចំក្រុមការងារធ្វើយុទ្ធនា ការឆ្លើយតបទប់ស្កាត់អំពើហិង្សា ទាក់ទងនឹងយេនឌ័រ និងយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តីនៅរាជធានីភ្នំពេញ។


សាវតានៃយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី បានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ១៩៩១ ដោយក្រុមបុរសជនជាតិកាណាដាមួយក្រុម។ ក្រោយមកយុទ្ធនាការនេះ ត្រូវបានរៀបចំធ្វើឡើងនៅគ្រប់ទីកន្លែង នៅលើពិភពលោក រហូតដល់ទិវានេះ បានក្លាយទៅជាទិវាអន្ដរជាតិ ដែលអង្គការសហប្រជាជាតិ បានកំណត់ជាផ្លូវការ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៩ ហើយនិងបានប្រកាសទទួលស្គាល់ថា ជាទិវាអន្ដរជាតិលុបបំបាត់អំពើហិង្សាលើស្ដ្រី តាមរយៈមហាសន្និបាទលើកទី៨៣ របស់អង្គការសហប្រជា ជាតិ។


សូមបញ្ជាក់ថា យោងតាមអង្គការសុខភាពពិភព លោក (WHO) ស្ត្រី៣០% នៅទូទាំងពិភពលោក បានទទួលរងនូវអំពើហិង្សាលើស្រ្តី និងក្មេងស្រី ឬសកម្មភាពណាមួយ ដែលបង្កអន្តរាយដល់ឆន្ទៈ និងសិទ្ធិរបស់ស្រ្តី ដោយសារតែភាពខុសគ្នា រវាងភេទ និងភេទ រវាងបុរស និងស្ត្រី៕



dd
Bottom Ad