20/12/21 07:36 AM
ព័ត៌មានជាសំឡេង
សម្រួលផ្សាយ៖SR276
ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីបិទទ្វារជាច្រើនខែ ក្រោយផ្ទុះជម្ងឺកូវីដ-១៩ ២០កុម្ភៈ នោះមក ប្រធានសហគមន៍ការពារ តំបន់ធម្មជាតិរហាលកេស អាវៀន គ្រោងនឹងបើកទ្វារទទួលភ្ញៀវទេសចរក្នុងនិងក្រៅស្រុកមកលេងកំសាន្ត និងទស្សនាសត្វស្លាបដ៏ច្រើនសំបូរបែប បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានបើកប្រទេសឡើងវិញ ។
បើយោងតាមការឲ្យដឹងពីលោក នេត ណុក ប្រធានក្រុមប្រឹក្សាឃុំឈ្នួរមានជ័យ និងជាអនុប្រធានសហគមន៍ និង លោក ខុង ប៊ុន ជំទប់ទី១ និងជាប្រធានតំបន់ការពារធម្មជាតិរហាលកេស អាវៀន បានឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះថា ៖តំបន់ធម្មជាតិរហាលកេស អាវៀន ស្ថិតក្នុងឃុំឈ្នួរមាន ជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ មូលហេតុដែលសហគន៍ បានដាក់ឈ្មោះថារហាលកេស អាវៀននេះ ជាយូរលង់មកចាស់ៗតែងតែនិយាយថាកន្លែងបឹង(ហៅថារហាល)ដែលមានផ្ទៃដីទឹកប្រមាណជា ៥ហិកតា សំបូរទៅដោយត្រីកេស ទើបចាស់ៗនាកាលសម័យនោះហៅថារហាលកេស ដោយបន្ថែមពាក្យ(កេស) ហើយមួយផ្នែកទៀតនៅជាប់គ្នានោះមានផ្ទៃដីព្រៃលិចទឹកប្រមាណជា ២៣ហិកតា មានរាងក្រវិចក្រវៀន ដែលគេហៅថាអាវៀន ហើយបច្ចុប្បន្នក្រុមការងារបានដាក់ឈ្មោះថ្មីភ្ជាប់គ្នាថា តំបន់ការអារធម្មជាតិរហាលកេសអាវៀន ដោយរហាលកេសនោះគឺផ្នែកអភិរក្សពូជត្រីនិងអាវៀនផ្នែកខាងអភិរក្សសត្វស្លាបដែលសត្វចម្រុះជាច្រើនប្រភេទមករស់នៅក្នុងតំបន់នេះ មកទល់សព្វថ្ងៃនេះមានរយៈពេលប្រមាណជាង ០៤ឆ្នាំមកហើយ សត្វស្លាបកាន់តែមានច្រើននិងសំបូរបែបមករស់ ដូចជាកុកស ខ្វែកយប់(ខ្វែកធំ) កុកក្រក កកៀលខ្សង ក្រង់ ទុង ក្អែកទឹក ត្រយ៉ង សត្វស្មោញ ដែលជាសត្វកម្រជិតដាច់ពូជនៅក្នុងប្រទេសកម្ពុជា យើងនិងសត្វផ្សេងៗជាច្រើនប្រភេទទៀតរៀបរាប់មិនអស់ ។
លោក ខុង ប៊ុន បានបញ្ជាក់ការងារដែលបានធ្វើកន្លងមក និងការងារដែលត្រូវធ្វើបន្តថា៖នៅតំបន់ការពារធម្មជាតិរហលាកេសអាវៀននេះ មានការងារចំនួន០២ ជាស្នូលគឺ (អភិរក្សានិងអភិវឌ្ឍ )។ ការងារស្នូលគឺក្រុមការងារនៅតែការពារយាមល្បាតជាប្រចាំថ្ងៃ ដែលមិនអាចអាក់ខានបាន ដើម្បីទប់ស្កាត់ការលួចបរបាញ់សត្វស្លាបនិងការលួចឆក់ត្រីជាដើមក្នុងតំបន់នេះ។ពោលបើយើងចង់អភិវឌ្ឍប្រែក្លាយតំបន់នេះឲ្យទៅជាតំបន់ទេសចរណ៍ បើយើងមិនអភិរក្សមុនទេ យើងមិនដឹងជាយកអ្វីទៅ អភិវឌ្ឍនោះទេ សំខាន់គឺយើងត្រូវថែរក្សាឲ្យបាននូវអ្វីដែលកំពុងតែមាននេះឲ្យបានគង់វង្ស ទើបអភិវឌ្ឍឲ្យទៅជាតំបន់អេកូទេសចរនោះបាន ។
លោក ប្រធានសហគមន៍ បានបញ្ជាក់ទៀតថា៖តំបន់ការពារធម្មជាតិរហាលកេស អាវៀន នេះ គឺមានការទទួលស្គាល់ពីអាជ្ញធរគ្រប់លំដាប់ថ្នាក់ ចាប់ពីអាជ្ញាធរមូលដ្ឋាន រហូតដល់ក្រសួងបរិស្ថាន ។ម្យ៉ាងវិញទៀតយើងមានអង្គការជាដៃគូមួយដែលបានជួយលើគម្រោងអភិវឌ្ឍតំបន់នេះ ដោយគាំទ្រគម្រោងនេះចំនួន១០ខែ អនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដែលនឹងបញ្ចប់គម្រោងនេះនៅចុងដែមិថុនា ឆ្នាំ២០២២ មានទំហំទឹកចំនួន៣,៧៣៤ ដុល្លា ដើម្បីស្តារបឹង ធ្វើកញ្ចុះនិងបំរើឲ្យវិស័យទេសចរណ៍ ។
លោក ខុង ប៊ុន បានបញ្ជាក់បន្ថែមទៀតថា៖ជាទិសដៅ យើងប្រែក្លាយតំបន់ឲ្យទៅជាតំបន់អេកូទេសចរ គឺក្នុងគោលបំណងដើម្បីរកចំណូលេសដ្ឋកិច្ចឲ្យបងប្អូននៅតំបន់នេះ តាមរយៈធនធានដែលយើងមានស្រាប់ និងចេះកែឆ្នៃវាឲ្យទៅជាសម្បត្តិធនធានធម្មជាតិ ដែលនាំប្រយោជន៍ឲ្យបងប្អូនប្រជាពលរដ្ឋ ។ ក្នុងក្នុងអំឡុងខែមករា ឬ ខែកុម្ភៈឆ្នាំ២០២២ខាងមុខនេះ យើងនឹងបើកទ្វារទទួលភ្ញៀវទេសចរឡើងវិញ បន្ទប់ពីបិទរយៈពេលកន្លងមកដោយសារជម្ងឺកូវីដ-១៩នោះមក ។ការបើកនេះសហគមន៍នឹងធ្វើកន្លែងទទួលភ្ញៀវទេសចរឲ្យបានសមរម្យជាងមុន ដោយធ្វើកញ្ចុះសម្រាប់ភ្ញៀវអង្គុយលេង មានម្ហូបអាហារ និងកន្លែងចតរថយន្តបានស្រួល កន្លែងរាវគ្រុំឬក៏ស្ទួចត្រីលេងកំសាន្ត។
ទន្ទឹមនោះ លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួង បរិស្ថាន និងលោកជំទាវ ឧកញ៉ា អគ្គមហាឧបាសិកាហេមចិត្តា ពុទ្ធសាសនូបត្ថម្ភក៏ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលគ្រោងនឹងផ្តល់នូវប៉ុស្តីប៉ម ដល់តំបន់ការពារធម្មជាតិ រហាលកេស អាវៀននេះ ដើម្បីឲ្យបងប្អូនបានមើលសត្វ និង ក្រុមការងារយាមល្បាតពិនិត្យមើលពីសកម្មភាពរបស់ជនខិលខូច ដែលមានបំណងបរបាញ់សត្វស្លាប ដែលកំពុងរសើនៅដោយភាពសុខសាន្ត នៅក្នុងតំបន់នេះផងដែរ ៕ ប្រភព៖ ណុប-រក្សា(២៩០១៦)


