21/12/21 07:16 AM
ព័ត៌មានជាសំឡេង
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយគម្រោងសាងសង់ស្ថានីយជញ្ជីងថ្លឹងយានយន្តអចល័ត ទាំងពីរកន្លែងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងរយៈពេលមួយព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១រួចមក នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះដែរ លោក លី សារី អភិបាលរងខេត្ត តំណាងឱ្យឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ថុក សម្បត្តិ ប្រធានក្រុមកាងារអន្តរក្រសួងដោះស្រាយផលប៉ះពាល់ និងលោក កែវ តារ៉ារស្មី អភិបាលរងក្រុងប៉ោយប៉ែត បានបន្តដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះវាស់វែងក្បាលដី ដែលប៉ះពាល់ជាមួយគម្រោងសាងសង់ស្ថានីយជញ្ជីងថ្លឹងយានយន្តអចល័ត ចំនួន២កន្លែង នៅបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក លី សារី បានមានប្រសាសន៍លើកឡើងថា៖ លោក រួមជាមួយក្រុមការងារ អន្តរក្រសួង ខេត្ត ក្រុង សង្កាត់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋមានផលប៉ះពាល់ បានធ្វើការចុះជាក់ស្តែងក្នុងការវាស់វែងក្បាលដី ដែលប៉ះពាល់ជាមួយគម្រោងសាងសង់ស្ថានីយជញ្ជីងថ្លឹងយានយន្តអចល័ត ចំនួន០២កន្លែង នៅបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានបន្តថា៖ បន្ទាប់ពីពិភាក្សាជជែកគ្នារវាងក្រុមការងារ និងអ្នកពាក់ព័ន្ធទំនាស់បានធ្វើឲ្យក្រុមការងារទទួលបានធាតុចូលថ្មីៗបន្ថែមទៀតដែលជាលទ្ធផលល្អ សម្រាប់ជាជំនួយដល់យន្តការឈានទៅរកការដោះស្រាយបញ្ហានេះផងដែរ។ ជាមួយគ្នានោះលោក លី សារី បានបញ្ជាក់ថា៖ សម្រាប់លទ្ធផលនៃកិច្ចប្រជុំ និងសកម្មភាពចុះវាស់វែងជាក់ស្តែងយើងទទួលបាន៖ ១/-បងប្អូនប្រជាពលរដ្ឋដែលមានផលប៉ះពាល់ដីធ្លី លើទីតាំងសង់ស្ថានីយចំនួន០២ កន្លែង ក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានឯកភាពចូលរួមអោយក្រុមការងារ ចុះវាស់វែងលម្លិតក្បាលដីជាក់ស្តែង នីមួយៗ។ ២/-បានបកស្រាយ និងពន្យល់ ពីក្រុមការងារថ្នាក់ជាតិ និងខេត្ត រាល់ចម្ងល់ពីបងប្អូនប្រជាពលរដ្ឋដែលបានចោទសួរ ក្នុងអង្គប្រជុំ។ ៣/-ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានអនុវត្តតាមនីតិវិធី ទទួលបានជោគជ័យ ១០០% ពេលអនុវត្តលើទីតាំងដីជាក់ស្តែង។ ៤/-ក្រុមការងារនឹងអនុវត្តបន្តតាមនីតិវិធី និងធ្វើការផ្សាព្វផ្សាយ ដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលមានផលប៉ះពាល់គម្រោងឲ្យបានទូលំទូលាយ៕



