21/12/21 09:05 AM
សម្រួលផ្សាយ៖SR276
ភ្នំពេញ៖ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារជំនាញរបស់ក្រសួង ដើម្បីពិនិត្យពិភាក្សាបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដោយផ្លូវថ្នល់ ក្រោយពីបានបញ្ចប់កិច្ចពិភាក្សាជុំទីមួយ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។
សូមជម្រាបជូនថា៖ សេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញផ្លូវថ្នល់ ដែលទើបបានបញ្ចប់ការពិភាក្សានាពេលថ្មីៗកន្លងទៅនេះ ត្រូវបានក្រុមការងាររៀបចំសេចក្តីព្រាងអនុក្រឹត្យនេះលើកយកមកពិនិត្យពិភាក្សាបន្ថែម តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្អស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឱ្យខ្លឹមសារកាន់តែមានសុក្រឹត្យភាព។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យសមាជិកអង្គប្រជុំទាំងអស់ យកចិត្តទុកដាក់ឱ្យម៉ដ្ឋចត់លើការផ្ដល់មតិយោបល់ និងធាតុចូល ដើម្បីឱ្យការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
ជាលទ្ធផល អង្គប្រជុំបានឯកភាពកែសម្រួល និងបំពេញបន្ថែមខ្លឹមសារ៖
មាត្រា២០ ដែលចែងអំពី៖ គោលការណ៍ក្នុងការកំណត់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់
មាត្រា២២ ដែលចែងអំពី៖ ការកំណត់ដីចំណីផ្លូវលើផ្ទៃរាបនៅតាមបណ្តាញផ្លូវល្បឿនលឿន និងផ្លូវជាតិនៅក្រៅរាជធានី ក្រុង និងទីប្រជុំជន
មាត្រា២៣ ដែលចែងអំពី៖ ការកំណត់ដីចំណីផ្លូវលើផ្ទៃរាបនៅតាមបណ្តាញផ្លូវខេត្ត ៣លេខ និង៤លេខ។
នៅមានចំនុចពាក់ព័ន្ធមួយចំនួន អង្គប្រជុំឯកភាពដាក់ស្នើសុំយោបល់និងការសម្រេចពីថ្នាក់ដឹកនាំក្រសួង ៕ប្រភព៖MPWT