24/12/21 04:34 AM
ព័ត៌មានជាសំឡេង
សម្រួលផ្សាយ៖SR276
បន្ទាយមានជ័យ៖ ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ (ដោយគិតចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២១ ) ពលករពលការីនីកម្ពុជា បញ្ជូនមកពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត មានចំនួន ៥,៧៩១នាក់ /ស្រី២,២១០នាក់ កុមារ ៦៥៥នាក់,ច្រកអូរបីជាន់ មានចំនួន ៦២,៧៣៦នាក់ ស្រី ២៤,៩២២នាក់ កុមារ៦,៦៦៥នាក់, ច្រកម៉ាឡៃ មានចំនួន ៧,៥០៦នាក់ ស្រី៣,០០៤នាក់ កុមារ ៩៩៧នាក់, ច្រកបឹងត្រកួន និងអូស្មាច់ មានចំនួន ៤,៦៥៩នាក់ ស្រី ១,៨១១នាក់ កុមារ ៤៧១នាក់។
សរុបពលករពលការីនីកម្ពុជាបញ្ជូនមកប្រទេសថៃ តាមច្រកខាងលើមានចំនួន ៨០,៦៩២នាក់ ស្រី ៣១,៩៤៧នាក់ កុមារ ៨,៧៨៨នាក់។ ដែលកិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ដោយមានការចូលរូមពីលោកស្រី ហេង សុភ័ក្រ អភិបាលរងក្រុងប៉ោយប៉ែត អ្នកពាក់ព័ន្ធ អង្គការដៃគូបានចូលរួម ធ្វើឡើងនៅសាលប្រជុំ សាលាក្រុងប៉ោយប៉ែត នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ។
លោកស្រី ហេង សុភ័ក្រ អភិបាលរងក្រុងប៉ោយប៉ែត ក៏បានមានប្រសាសន៍ថា៖ តាំងនាមជំនួសមុខថ្នាក់ដឹកនាំក្រុងប៉ោយប៉ែត សូមថ្លែងអំណរគុណចំពោះអ្នកពាក់ព័ន្ធ អង្គការដៃគូទាំងអស់ដែលកន្លងមកបានខិតខំប្រែង លើកិច្ចការងារចំណាកស្រុកប្រកបដោយសុវត្ថិភាព និងទប់ស្កាត់អំពើជួញដូរមនុស្ស (ស្រ្តី និងកុមារ) នៅក្នុងក្រុងប៉ោយប៉ែតទាំងមូល។ ពិសែសចំពោះការឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាលអង្គកាជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជួយគាំទ្រដល់បងប្អូនប្រជាពរដ្ឋចំណាកស្រុក ដោយទទួលបានសេវាសុវត្ថិភាព និងតម្រូវការចាំបាច់នានា។
នាឱកាសនោះ លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានលើកឡើងថា៖ ការចំណាកស្រុកប្រកបដោយសុវត្ថិភាព និងទប់ស្កាត់អំពើជួញដូរមនុស្ស (ស្រ្តី និងកុមារ) វាជារឿងដ៏សំខាន់ ដែលទាមទារឱ្យគ្រប់ភាគីកពាក់ព័ន្ធមានការសហការគ្នាជាមួយអង្គការនានា ជាមួយនិងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ក្នុងការបំពេញការងាររួមគ្នា ដើម្បីជួយការពារទប់ស្កាត់ក៏ដូចជាការជួយផ្តល់សេវានានា ដល់ក្រុមគ្រួសារ ជនចំណាកស្រុក ជាពិសេសពលករចំណាកស្រុកទៅប្រទេសថៃ។
លោកស្រីបន្តថា៖ ផ្អែកតាមយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលយើងពុះពារជម្នះ បាននូវបញ្ហាប្រឈមធំៗនានាក្នុងឆ្នាំ២០២០ ក៏ដូចជាក្នុងឆ្នាំ២០២១នេះ ដែលមានការងារជួយប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ពលរដ្ឋដែលមានវិជ្ជមានកូវីដ-១៩ កន្លែងចត្តាឡីស័ក និង មណ្ឌលព្យាបាល ការផ្ដល់ អាហារសង្គ្រោះបន្ទាន់ និងសម្ភារៈចាំបាច់មួយចំនួនទៀត ធ្វើអោយប្រជាពលរដ្ឋទូទាំងខេត្តបោះជំហានទៅមុខ យ៉ាងក្លៀវក្លា និងរឹងមាំជាមួយនឹងសមិទ្ធផលដ៏ធំធេងដែលសម្រេចបានលើគ្រប់វិស័យ ៕ ដោយ៖ណុប-រក្សា(២៩០១៦)




