28/12/21 04:42 AM
ព័ត៌មានជាសំឡេង
កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសថា បើបេក្ខជនណានៅខេត្តកំពង់ស្ពឺមានសមត្ថភាពប្រឡងបាននិទ្ទេស A នឹងបានទទួលរង្វាន់នៅម៉ូតូចំនួន០១ គ្រឿងជាការលើកទឹកចិត្ត។
អភិបាលខេត្តកំពង់ស្ពឺប្រកាសបែបនេះ ធ្វើឡើងក្នុងពេលឯកឧត្តម អញ្ជើញបើកវិញ្ញាសារឲ្យប្អូនៗ ដែលជាបេក្ខជនប្រលងមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យកំពង់ស្ពឺ ដែលមានបេក្ខជនប្រឡងសរុបចំនួន ៤,៥៥៥នាក់នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ។
ឯកឧត្តមបានបញ្ជាក់ថា «សូមជូនពរកូនក្មួយទាំងអស់ទទួលបានជ័យជម្នះក្នុងការប្រឡង! នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខ្ញុំបានដឹកនាំគណៈប្រតិភូអន្តរស្ថាប័នកាត់វិញ្ញាសារប្រលងបាក់ឌុបនៅវិទ្យាល័យកំពង់ស្ពឺ។ ខ្ញុំសូមប្រកាសជាសាធារណៈថា ប្រសិនបើកូនក្មួយណា ( កំពង់ស្ពឺ ) យកបាននិទ្ទេស A ក្នុងការប្រឡងនេះ ខ្ញុំនឹងជូនម៉ូតូមួយគ្រឿងម៉ាក zoomer x ដើម្បីជាការលើកទឹកចិត្ត។ សូមជូនពរកូនក្មួយទាំងអស់ទទួលបានជោគជ័យនៅក្នុងការប្រឡងនេះ»។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើបេក្ខជនទាំងអស់ ត្រូវប្រឹងប្រែងសិក្សា ដើម្បីសង្គមជាតិ ដែលកំពុងត្រូវការធនធានដោយខ្វះមិនបានដើម្បី អភិវឌ្ឍន៍ប្រទេសយើងទៅថ្ងៃអនាគត។
តាមរបាយការណ៍របស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ នៅក្នុងឆ្នាំ២០២១នេះ មានបេក្ខជនប្រឡងទូទាំងខេត្តកំពង់ស្ពឺ សរុបមាន ចំនួន៤,៥៥៥ នាក់ ក្នុងនោះស្រីចំនួន ២,៣៩០ នាក់។ មណ្ឌលប្រឡងមានចំនួន១១មណ្ឌល និងមានចំនួន ១៨៥បន្ទប់ ដែលមានគណៈមេប្រយោគ ចំនួន ៦២៧នាក់ ស្រី១៧៩នាក់។
សម្រាប់ទូទាំងប្រទេសវិញ ក្នុងឆ្នាំសិក្សា ២០២០-២០២១ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤,១៨៣នាក់ ស្រី ៦០,៣៩៧នាក់ ដោយមណ្ឌលប្រឡងមានចំនួនសរុប ២០៤ មណ្ឌលត្រូវជា ៤,៦១៦ បន្ទប់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់៕