30/12/21 04:55 AM
ដោយ៖ ណុប រក្សា
បន្ទាយមានជ័យ៖ ឯកឧត្តម ខេង ស៊ុម ប្រធានអនុគណៈកម្មការត្រួតពិនិត្យគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានលើឡើងថា៖ដើម្បីទទួលបានជ័យជម្នះ នាពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខនេះ សមាជិក សមាជិកា ទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ត្រូវពង្រឹងសមាជិកចាស់ និងពង្រីកសមាជិកថ្មី ហើយក៏មិនត្រូវមើលស្រាលចំពោះដៃគូប្រយុទ្ធនោះឡើយ ។
ការថ្លែងនេះ ក្នុងឱកាស ដែលឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីប្រជុំ ស្តីពីការចុះត្រួពិនិត្យការរៀបចំផែនការឆ្ពោះទៅកាន់ការបោះ ឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ /សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជននៅស្រុកស្វាយចេក ថ្ងៃទី២៩ខែ ធ្នូ ឆ្នាំ២០២១ ។
ឯកឧត្តម ខេង ស៊ុម បានបញ្ជាក់ថា៖ ដើម្បីសម្រេចឲ្យបាននូវផែនការឆ្ពៅទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រុមការងារបានរៀបចំប្រតិទិនចុះពិនិត្យការរៀបចំផែនការរបស់គណៈកម្មាធិការគណបក្ស តាមបណ្តា ក្រុង ស្រុក ទាំង០៩ ជំហានទី០៤ ផ្អែកលើគោលការណ៍សំខាន់ៗ ដូចជា៖
១/-របាយការណ៍ត្រួតពិនិត្យរបស់គណៈកម្មាធិការត្រួតពិនិត្យ ក្រុង ស្រុក ឆ្នាំ២០២១ ។
២/-ត្រួតពិនិត្យរៀបចំស្នាក់ការ កែលម្អសោភ័ណភាពដាក់ផ្លាកសញ្ញា និងមន្ត្រីប្រចាំការតាមទីស្នាក់ការឡើងវិញ ដើម្បីត្រួតពិនិត្យមូលដ្ឋាន ឃុំ /សង្កាត់ ជាក់ស្តែង តាមការជ្រើសរើសរបស់គណបក្ស ក្រុង ស្រុក ។ អនុគណៈកម្មការត្រួតពិនិត្យត្រូវជ្រើសឃុំ/សង្កាត់ ចំនួន២ ក្នុងក្រុង ស្រុក គឺឃុំ/សង្កាត់ដែលខ្លាំងចំនួន១ និងឃុំ/សង្កាត់ខ្សោយចំនួន១ ។
៣/-កសាងបញ្ជីរាយនាមសមាជិកគណបក្សក្រោយការបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោត ផ្អែកលើបញ្ជីរាយនាមបច្ចុប្បន្នភាព ឆ្នាំ២០២១ ។
៤/-រៀបចំប្រតិទិនបំប៉នឃោសនិក និងភ្នាក់ងារសង្កេតការណ៍តាមការិយាល័យបោះឆ្នោត ។
៥/-ត្រៀមរៀបចំឯកសារ សម្រាប់ដំណើរការសន្និបាតឃុំ/សង្កាត់ ។
៦/-ជ្រើសរៀសភ្នាក់ងារសង្កេតការណ៍ ។
៧/- ជំរុញមន្ត្រីគណបក្ស ចូលគណៈកម្មាធិការការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ។
៨/-ពង្រឹងអង្គការមហាជន ។
៩/- ពង្រឹងក្រុមការងារយុវជនគណបក្ស ទទួលផែនការព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គមគ្រប់ថ្នាក់ ត្រូវបង្កើនការផ្សព្វផ្សាយគ្រប់រូបភាព គ្រប់មធ្យោបាយឲ្យបានជាប់ជាប្រចាំរបស់គណបក្សនិងរាជរដ្ឋាភិបាល ធ្វើការវាយបកឲ្យបានទាន់ពេលវេលានូវរាល់ព័ត៌មានភូតកុហក បោកប្រាស់ ប្រជាភិថុក វាយប្រហារមកលើគណបក្ស និងរាជរដ្ឋាភិបាល ពីពួកអគតិ ។
១០/-កសាងផែនការចំណូលចំណាយ និងលទ្ធផលនៃការអនុវត្តចំណូលចំណាយគឹតត្រឹមថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ។
ចុងក្រោយឯកឧត្តម ខេង ស៊ុម បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារគណៈកម្មាធិការបក្សមូលដ្ឋាន ខ.២៧ ចុះជួយស្រុកស្វាយចេក ដែលមានលោកឧត្តមសេនីយ៍ទោ សិទ្ធិ ជាប្រធាន បានយកចិត្តទិកដាក់ និងស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការសហការជាមួយអាជ្ញាធរមូលដ្ឋានក៏ដូចជាគណៈកម្មាធិការបក្សស្រុកស្វាយចេកនិងគ្រប់ឃុំ ក្នុងស្រុកស្វាយចេក ដែលធ្វើឲ្យមូលដ្ឋានឃុំមានភាពរឹងមាំជាលំដាប់ ។
ឯកឧត្តមបានបញ្ជាក់ថា៖ សូមឲ្យប្រពៃណីដ៏ផូរផង់នេះ មានជាប់រហូត ដើម្បីជាទំនុកចិត្តរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ទន្ទឹមនោះ ឯកឧត្តម ខេង ស៊ុម ក៏បានផ្តាំផ្ញើដល់មន្ត្រីគណបក្សឃុំ ត្រូវធ្វើតែអំពើល្អជាមួយប្រជាពលរដ្ឋ ជួយដោះស្រាយឲ្យបានទាន់ពេលវេលានូវរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសសេវារដ្ឋបាលសាធារណៈ ត្រូវតែធ្វើឲ្យបានឆាប់រហ័សពេលប្រជាពលរដ្ឋមកពឹងពាក់ ដោយមិនត្រូវតាំងខ្លួនជាចៅហ្វាយនាយឬថៅកែ ប្រជាពលរដ្ឋនោះឡើយ គឺត្រូវបំរើនិងស្មោះត្រង់ជាមួយប្រជាពលរដ្ឋ ៕



