30/12/21 05:10 AM
ដោយ៖ណុប រក្សា
បន្ទាយមានជ័យ៖ ដើម្បីប្រកួតប្រជែងក្នុងការប្រឡងប្រណាំងទីក្រុងស្អាត នៅទូទាំងប្រទេសកម្ពុជានោះ ខេត្តបន្ទាយមានជ័យ ត្រូវបានជ្រើសរើសក្រុងចំនួន២ ត្រៀមលក្ខណៈក្នុងការប្រឡងនេះ ដែលមានក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត កន្លងទៅធ្លាប់បានទៅចូលរួមប្រឡងប្រណាំងជាបន្តបន្ទាប់។
កិច្ចប្រជុំនេះបានធ្វើនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដឹកនាំដោយលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ ដើម្បីការពិនិត្យ វាយតម្លៃ កែសម្រួលនៅចំនុចខ្វះខាតដែលកើតមាន ដើម្បីយកជ័យលាភីជូនខេត្ត កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ឈឿង សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្ត អាជ្ញាធរនៃក្រុងទាំង២ រួមនិងអ្នកពាក់ព័ន្ធ ធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះ លោក ឈឿង សេរីវុធ បានឱ្យដឹងថា៖ ស្តង់ដាទីក្រុងស្អាតត្រូវបានធ្វើបច្ចុប្បន្នភាព ដោយកែសម្រួលនូវសូចនាករ និងលក្ខណ:វិនិច្ឆ័យទៅតាមស្ថានភាពជាក់ស្តែង នៃចលនាប្រឡងប្រណាំងទីក្រុងស្អាត។ បច្ចុប្បន្នភាពនៃស្តង់ដាទីក្រុងស្អាត មាន៧ សូចនាករគោលចំនួន ៤១ សូចនាករលម្អិត ចំនួន ១១៣ លក្ខណ:វិនិច្ឆ័យ(ស្មើនឹង១២០ ពិន្ទុ)។
លោកបន្តថា៖ ចំពោះយន្តការនៃការប្រឡងប្រណាំងទីក្រុងស្អាត ការប្រើប្រាស់តារាងវាយតម្លៃ គឺផ្អែកលើការប្រៀបធៀបរវាងលក្ខណ:វិនិច្ឆ័យខុសៗគ្នានៃការប្រឡងប្រណាំងទីក្រុងស្អាត ដែលបានរៀបរាប់ខាងលើ ។ ការវាយតម្លៃ គឺជាគោលដៅទុកសម្រាប់ធ្វើការវាស់វែងអំពីកម្រិតរបស់លក្ខណវិនិច្ឆ័យរបស់ទីក្រុងនីមួយៗ ថាតើលក្ខណ:វិនិច្ឆ័យទាំងនោះបានបំពេញលក្ខខណ្ឌនៃការប្រឡងប្រណាំងដែរឬទេ។
តាមការបញ្ជាក់របស់លោកស្រី រស់ សុផានី អភិបាលរងខេត្តឲ្យដឹងថា៖ក្រុងទាំង ២ ធ្លាប់បានទៅចូលរួមប្រឡងប្រណាំងទីក្រុងស្អាតចំនួន២ លើករួចមកហើយដោយក្នុងនោះ ក្រុងប៉ោយប៉ែតលើកទី១ ទទួលបានជ័យលាភី ផ្ការំដួល១ទង និងលើកទី២ ទទួលបានជ័យលាភី ផ្ការំដួល២ទង ដោយឡែកក្រុងសិរីសោភ័ណ បានចូល២លើក ទទួលបានជ័យលាភី ផ្ការំដួល២ទង ទាង២លើក ៕





