30/12/21 07:51 AM
ព័ត៌មានជាសំឡេង
ដោយ៖ណុប-រក្សា
បន្ទាយមានជ័យ៖ ក្នុងរយៈពេល ២៣ ឆ្នាំ អនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានយកជីវិតទៅប្តូរ ធ្វើឲ្យប្រទេសជាតិបានសុខសន្តិភាព ស្ថេរភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅដោយភាពសុខសាន្ត ក្រោមម្លប់សន្តិភាព ។
បើគ្មានសន្តិភាព យើងក៏គ្មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះផងដែរ ។ ការលើកឡើងរបស់ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៣ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះ ឈ្នះ នៅ ភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ដែលមានឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណអភិបាលខេត្តបន្ទាយមានជ័យ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ ក្នុងនោះក៏មានការចូលរួមពី លោក លោកស្រី មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
ឯកឧត្តមបានបញ្ជាក់ថា៖ ក្នុងរយៈពេល ២៣ឆ្នាំ នៃសន្តិភាពនេះ ប្រទេសជាតិទាំងមូល ត្រូវបានស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធនានា ដែលត្រូវបានខូចខាតដោយសារការបំផ្លិចបំផ្លាញរបស់បនប្រល័យពូជសាសន៍ និងដោយសារភ្លើងសង្រ្គាម ។ ដើម្បីរក្សាបាននូវសន្តិភាពនេះ មានតែយើងទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សា ការពារដោយមិនឲ្យពួកជនអគតិមកបំផ្លិចបំផ្លាញបានឡើយ ។ មានសន្តិភាព មានការអភិវឌ្ឍ ប្រជាពលរដ្ឋរស់នៅដោយសុខដុមរម្យនា ។
ឯកឧត្តម ប៉ាន់ ខែម ប៊ុនថន បានបញ្ជាក់ថា៖ ដើម្បីអបអរសាទរ ខួបលើទី ២៣ឆ្នាំនេះ ឯកឧត្តម ក៏ដូចជាអាជ្ញាធរខេត្តបន្ទាយមានជ័យ បានរៀបចំហូបនំបញ្ចុកសាមគ្គី ដែលប្រសិទ្ធនាមថា(នំបញ្ចុកសន្តិភាព)ក្នុងនោះក៏មានប្រជាពលរដ្ឋ ក្នុងភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ប្រមាណជា ១,០០០នាក់ បានចូលរួមទទួលទាន និងអបអរសាទរយ៉ាងសប្បាយរីករាយ និងមានការដាក់តាំងពីពណ៌ នូវសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅសែសសល់ពីសម័យសង្រ្គាម ដែលក្រុមការងារស៊ីម៉ាក់រាវបាន ក្នុងតំបន់ភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ នៅពេលរាត្រីក៏មានក្រុមកំប្លែងរបស់នាយកុយលេងជូនប្រជាពលរដ្ឋទស្សនាកំសាន្តផងដែរ៕




