សម្តេចតេជោ សម្រេចលុបចោលគម្រោងនានាជាមួយក្រុមហ៊ុន លី ឈួង និងព្រមានដកអភិបាលណាដែលជំពាក់លុយក្រុមហ៊ុននេះ


ត្រលប់ក្រោយ

03/01/22 04:30 AM

ចំនួនទស្សនា៖

532

ប្រភព៖

កោះកុង

កោះកុង៖ ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង នៅថ្ងៃទី៣ មករា ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការភ្ញាក់ផ្អើលចំពោះបំណុលរដ្ឋដែលជំពាក់ក្រុមហ៊ុន លី ឈួង ដែលជាក្រុមហ៊ុនផ្គត់ផ្គង់លើផ្នែកសំណង់ដ៏ធំនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោបានបានណែនាំឱ្យស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ ឱ្យបញ្ឈប់គម្រោងនានាជាមួយក្រុមហ៊ុន លី ឈួង។ 


សម្ដេចតេជោ ហ៊ុន សែន បានទទួលរបាយការណ៍ហិរញ្ញវត្ថុ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមកថា តាមបណ្ដាខេត្តនានា បានជំពាក់បំណុលក្រុមហ៊ុន លី ឈួង ជាច្រើន តាមរយៈការអនុវត្តគម្រោងផ្សេងៗ ដែលរដ្ឋាភិបាលមិនបានដឹង។ ហើយកាលពីកន្លងមក ក្រុមហ៊ុន លី ឈួង នេះ ធ្លាប់លើកសំណើមករដ្ឋាភិបាល សុំអនុវត្តគម្រោងនានាតាមខេត្ត ប៉ុន្តែសម្ដេចមិនបានអនុញ្ញាតនោះទេ។ សម្ដេចចាត់ទុកទង្វើរបស់ក្រុមហ៊ុននេះ ជាការរួមគំនិតបង្កើតអំពើពុករលួយ កេងប្រវ័ញ្ចថវិការដ្ឋាភិបាល។


ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន គ្រោងធ្វើសវនកម្មលើគម្រោងនានារបស់ខេត្ត ជាមួយក្រុមហ៊ុនសាងសង់ លី ឈួង និងព្រមានដកអភិបាលខេត្តណាដែលជំពាក់លុយ ក្រុមហ៊ុន លី ឈួង រឿងឃុបឃិតគ្នាសាងសង់មុន ទើបធ្វើការទូទាត់ប្រាក់តាមក្រោយ ដោយមិនមានការដេញថ្លៃ ចំណែកថវិកាដែលជំពាក់ក្រុមហ៊ុន លី ឈួង ត្រូវសងវិញក្នុងរយៈពេល២០ឆ្នាំ។


សម្ដេច បានបញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីជាការព្រមានដល់ក្រុមហ៊ុន លី ឈួង និងក្រុមហ៊ុនដទៃ កុំឱ្យធ្វើសកម្មភាពអនុវត្តគម្រោងសាងសង់មុន ហើយសងប្រាក់តាមក្រោយ៕




dd
Bottom Ad