សម្ដេចតេជោហ៊ុន សែន សុំឲ្យក្រសួងសុខាភិបាល និងផ្នែកពាក់ព័ន្ធពិនិត្យឡើងវិញប្រជាពលរដ្ឋជាង ៧ ម៉ឺននាក់ដែលមិនបានអនុញ្ញាតចាក់វ៉ាក់សាំងកូវីដ-១៩


ត្រលប់ក្រោយ

03/01/22 05:14 AM

ចំនួនទស្សនា៖

307

ប្រភព៖

កោះកុង

កោះកុង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងណែនាំដល់ក្រសួងសុខាភិបាល និងផ្នែកពាក់ព័ន្ធទាំងអស់ ធ្វើការពិនិត្យឡើងវិញ ចំពោះប្រជាពលរដ្ឋជាង៧ ម៉ឺននាក់ ដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ព្រោះបញ្ហាសុខភាព។ ហើយធ្វើយ៉ាងណាឲ្យពួកគាត់បានមកទទួលវ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។ 


សូមជម្រាបថា ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅខេត្តកោះកុង។


ក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លៃសង្កត់ធ្ងន់ថា «អ្វីដែលខ្ញុំសូមស្នើឲ្យគ្រប់ទីកន្លែងទាំងអស់ ធ្វើការពិនិត្យមនុស្សជាង៧ម៉ឺននាក់ឡើងវិញដែលក្រុម គ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំងកូវីដ-១៩ នោះ។ចំណុចនេះគេបានរកឃើញក្នុងក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំខ្លួនឯងដំបូងអ្នកនេះចាក់មិនបាន អ្នកនោះក៏ចាក់មិនបាន គ្រូពេទ្យមិនឱ្យចាក់ ស្រាប់តែសម្តេច ទៀ បាញ់ ឱ្យចាក់ទាំងអស់ អត់មានឃើញនរណាកើតអីមួយផង។ ឥឡូវសូមពិនិត្យឡើងវិញ ជាង៧ម៉ឺនាក់គាត់ទៅ ក៏ប៉ុន្តែគ្រូពេទ្យយើងមិនអនុញ្ញាតឲ្យចាក់»។


សម្តេចតេជោ នាយករដ្ឋមន្ត្រីបានថ្លែងថា វ៉ាក់សាំងបង្ការជំងឺកូវី-ដ១៩ មិនមែនជាថ្នាំទិព្វនោះទេ វ៉ាក់សាំងគ្រាន់តែជួយទប់ស្កាត់កុំឲ្យឆ្លងកូវីដ-១៩ មួយផ្នែកតូចណាមួយ។ ប៉ុន្តែអ្វីដែលសំខាន់នៅពេលឆ្លងកូវីដ-១៩ហើយ វាមិនឈានដល់ជំងឺធ្ងន់ធ្ងរ។ ដូច្នេះអ្នកដែលមិនទាន់បានចាក់ សូមទៅរកការចាក់វ៉ាក់សាំងឱ្យបានទាំងអស់គ្នា។


សម្តេចតេជោ ក៏បានទទូចដល់ប្រជាពលរដ្ឋកម្ពុជា ចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់កុំឱ្យមានការងើបឡើងវិញនៃជំងឺកូវីដ-១៩ ព្រោះកម្ពុជាមិនអាចបិទសេដ្ឋកិច្ចរបស់ខ្លួន ដូចពេលមុនៗទៀតនោះទេ។


សូមញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,២៦២,៩៥៩នាក់ ស្មើនឹង៨៩.១៤%នៃប្រជាជនសរុប១៦លាននាក់៕






dd
Bottom Ad