04/01/22 03:02 AM
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានព្រមាននឹងធ្វើការត្រួតពិនិត្យកម្លាំងតាមការិយាល័យជាក់ស្តែង ដើម្បីរកឲ្យឃើញពីកម្លាំងដែលអសកម្មក្នុងការបំពេញភារកិច្ចរបស់ខ្លួន ក៏ព្រោះតែមានការឃុបឃិតគ្នាជាមួយថ្នាក់ដឹកនាំការិយាល័យ ចេញប្រកបរបរខាងក្រៅ ដោយមិនបំពេញតួនាទី ភារកិច្ចរបស់ខ្លួន។
ប្រសិនបើរកឃើញថាមិនមន្ត្រីណាមួយមានភាពអសកម្ម នាយការិយាល័យនោះ ត្រូវទទួលខុសត្រូវចំពោះមុខស្នងការ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ ចំពោះមន្ត្រីនោះដែលបាត់មុខហើយ នាយការិយាល័យ មិនដឹងពីមូលហេតុ បើយោងតាមវិន័យលេខ០០៦ ប្រការទី៨៖ អំពីការដាក់ទណ្ឌកម្ម ចំណុចគ-១៖ ត្រូវដាក់ទណ្ឌកម្មអប់រំ ព្រមានចំពោះមន្ត្រីនគរបាលជាតិណាសដែល អវត្តមានចាប់ពី៣ថ្ងៃទៅដល់៧ថ្ងៃ។ មិនគោរពម៉ោងធ្វើការទៀងទាត់។ ស្រវឹងក្នុងម៉ោងបំពេញការងារ ។ ស្លៀកពាក់ឯកសណ្ឋានមិនត្រឹមត្រូវតាមការកំណត់។ មិនគោរពអនុវតតតាមបញ្ជាមេកើយ។
ចំណុចគ-២៖ ត្រូវដាក់ទណ្ឌកម្មបន្ថយឋានន្តរសក្តិ ឬបណ្តេញចេញពីអង្គភាព ឬដកហូតមុខតំណែង ឬបណ្តេញពីក្របខ័ណ្ឌនគរបាលចំពោះមន្ត្រីនគរបាលណាដែល៖ ទទួលការព្រមានចំនួន២ដងរួចហើយ តែមិនព្រមរាងចាល។ -អវត្តមានឥតច្បាប់ពី៨ថ្ងៃដល់១៥ថ្ងៃ។ -ផ្ទុះអាវុធដោយគ្មានបញ្ជា ឬមូលហេតុស្របច្បាប់។
ការលើកឡើងនេះ ខណៈពេលដែល លោកឧត្តមសេនីយ៍ទោស្នងការ បានដឹកនាំកម្លាំងនគរបាលជំនាញ ចំណុះស្នងការដ្ឋានទាំង៣១ការិយាល័យ គោរពទង់ជាតិ ថ្ងៃចន្ទទី០៣ខែមករា ឆ្នាំ២០២២ ដែលមាន អស់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ ជា ស្នងការរង នាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និង មន្ត្រី សរុបជាង២០០នាក់ ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា៖ កម្លាំងជំនាញការិយាល័យចំណុះ ស្នងការដ្ឋានទាំង៣១ការិយាល័យ មានកម្លាំងសរុបចំនួនជាង៥០០នាក់ ប៉ុន្តែ មានមុខគោរពទង់ជាតិតែ ជាង២០០នាក់ប៉ុណ្ណោះ ដែលមិនតុល្យភាពទៅនឹងចំនួនជាក់ស្តែង នេះសបង្ហាញឲ្យឃើញថា កត្តាមកពីថ្នាក់ដឹកនាំការិយាល័យមួយចំនួនមិនបានក្រើនរំលឹក និងជំរុញមន្ត្រីក្រោមឱវាទរបស់ខ្លួន ចូលរួមគោរពទង់ជាតិ ក្នុង១សប្តាហ៍យើងធ្វើតែម្តងប៉ុណ្ណោះ ទង់ជាតិគឺជាទង់ព្រលឹងជាតិខ្មែរ បើយើងមិនគោរពតើឲ្យអ្នកណាគេមកគោរព។
ទាក់ទងនិងការងារបរិស្ថាននោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានស្នើឲ្យនាយការិយាល័យទាំងអស់ ត្រូវសម្អាតទីធ្លា និងកន្លែងធ្វើការឲ្យបានស្អាតជាប្រចាំ ព្រោះកន្លែងធ្វើការ ស្អាត សុខភាពយើងក៏ល្អ ម្យ៉ាងវិញទៀតបញ្ហាសុខភាព ជាកត្តាសំខាន់ណាស់ សម្រាប់មនុស្សគ្រប់រូប ដូច្នេះទាមទារឲ្យ យើងទាំងអស់គ្នា ត្រូវតែសម្អាត ធ្វើអនាម័យជានិច្ច ដើម្បីសុខភាពខ្លួនយើង ក្រុមគ្រួសារនិងសហគមន៍។ ជាងនេះទៀតគឺត្រូវបន្តទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាជំងឺបំប្លែងថ្មីអូមីក្រុង ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាលនិងវិធានការ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល៕




