10/01/22 02:20 AM
បន្ទាយមានជ័យ៖ ក្នុងឆ្នាំ ២០២១ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅមានចំនួន ៥១,៨៨៩នាក់ ដែលក្នុងនោះមានជិតពាក់កណ្តាលជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅ និងជាក្រុមការងារទទួលពលករខ្មែរប្រចាំច្រកអូរបីជាន់បានប្រាប់នៅថ្ងៃទី០៦ ខែមករានេះថា រយៈពេល១ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាតាមច្រកអូរបីជាន់ស្រុកអូរជ្រៅបានទទួលមានចំនួន ៥១,៨៨៩នាក់ ស្រីចំនួន ២៣,៤៩៦នាក់ ក្នុងនោះប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យមានចំនួន ២៣,៨៨១នាក់ ស្រី១១,១៦៤នាក់ និងប្រជាពលរដ្ឋខេត្តផ្សេងៗមានចំនួន ២៨,០០៨នាក់ ស្រី១១,១៦៤នាក់។
លោកបានបញ្ជាក់ថា ក្នុងចំណោមពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាដែលក្រុមការងារទទួលពិនិត្យសុខភាព និងធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ បានរកឃើញអ្នកដែលឆ្លងកូវីដ-១៩ មានចំនួន ២,២៤៤នាក់ ស្រីចំនួន ១,០៣១នាក់ ប្រជាលរដ្ឋខេត្តបន្ទាយមានជ័យវិជ្ជមានកូវីដ-១៩ មានចំនួន ១,៤០៩នាក់ ស្រី៦៧៤នាក់ និងប្រជាពលរដ្ឋខេត្តផ្សេងៗដែលវិជ្ជមានកូវីដ-១៩មានចំនួន ៨៣៥នាក់ ស្រី ៣៥៧នាក់។
លោកវរៈសេនីយ៍ទោ ម៉ាន់ ធី បានបញ្ជាក់ទៀតថា រយៈពេល៥ថ្ងៃនៅដើមខែមករា ឆ្នាំ២០២២នេះក្រុមការងារទទួលពលករខ្មែរប្រចាំច្រកអូរបីជាន់ស្រុកអូរជ្រៅទទួលពលករខ្មែរដែលត្រឡប់ពីថៃចូលមកកម្ពុជាមានចំនួន ១,៤៧៩នាក់ ស្រី៧០៤នាក់ កុមារចំនួន ២១៨នាក់ ស្រី៨៦នាក់អ្នកវិជ្ជមានកូវីដ-១៩ មានចំនួន ០៤នាក់៕



