ក្នុងអាណត្តិទី៦នេះ សម្តេចតេជោបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ ដោយចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្សជាអាទិភាពទី១


ត្រលប់ក្រោយ

11/01/22 10:24 AM

ចំនួនទស្សនា៖

430

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្នុងអាណត្តិទី៦នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ ដោយចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១ ។ ក្នុងនោះ ក្រសួងអប់រំបានប្តេជ្ញាសម្រេចឲ្យបាននូវមុំទី១ ស្តីពី "ការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា"។ ការថ្លែងនេះ ក្នុងឱកាស ឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលថ្នាក់ខេត្ត ឆ្នាំសិក្សា២០២១-២២ ប្រារព្ធធ្វើនៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ និងចូលរួមដោយលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកប្រធាន-អនុប្រធានមន្ទីរ អង្គភាព លោកអភិបាលក្រុង អង្គការ សមាគម ដៃគូអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ សិស្សនិងមាតាបីតាសិស្សជាច្រើននាក់ទៀត។ 



លោក សុខ ចំណាន នាយកវិទ្យាល័យ ហ៊ុន សែន ខ្លាកូនបានស្វាគមន៍ថា វិទ្យាល័យនេះ មានបុគ្គលិកអប់រំ៧១នាក់ ហើយឆ្នាំសិក្សា២០២០-២១មានសិស្សសរុប១,១១៤នាក់/ស្រី៦៦០នាក់ ។ សិស្សប្រឡងជាប់មធ្យមភាគសរុប៧៥០នាក់/ ស្រី៤៥៤នាក់ ។ ឆ្នាំសិក្សា ២០២១-០២២ នេះ មានសិស្សសរុប១,១៦០នាក់/ស្រី៦៧៨នាក់ (ពីទី៧ដល់ទី១២) ។

លោកបន្តថា សាលាមានអគារសិក្សា៧អគារ ក្នុងនោះមានអគារធនធាន១ខ្នង ដែលមានបន្ទប់ពិសោធន៍២បន្ទប់ បន្ទប់កុំព្យួរទ័រ២បន្ទប់ និងបណ្ណាល័យ១បន្ទប់ ។ ទន្ទឹមនោះ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រតិភូបានអញ្ជើញមកដល់សាលាសួរសុខទុក្ខ គ្រូ សិស្ស ហើយបានផ្តល់អគារសិក្សា១ខ្នងស្មើ៣ជាន់ ស្មើ៣០បន្ទប់ អគារស្នាក់នៅគ្រូ១ខ្នង ២ ជាន់ និងអគារទីចាត់ការ១ខ្នង ផ្តល់កុំព្យួរទ័រ២០គ្រឿង ម៉ាស៊ីនព្រីនធ័រ២គ្រឿង និងម៉ាស៊ីនថត១គ្រឿង។


ជាមួយគ្នានោះដែរ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអានសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២១-០២២ ដោយលើកឡើងនូវ១៣ចំណុចដើម្បីឲ្យលទ្ធផលល្អប្រសើរតាមរំពឹងទុកនៃគោលនយោបាយអប់រំ "គន្លងប្រក្រតីថ្មី នៃវិស័យអប់រំ"។


ចុងក្រោយ ឯកឧត្តម អភិបាលខេត្ត ក៏បានអបអរសាទរពិធីបើកបវេសនកាលថ្មី ហើយសូមលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សចូលរួមអនុវត្ត៦ចំណុចសំខាន់ៗ សំដៅឲ្យសម្រេចបានគោលដៅរបស់យើង។ ក្នុងឱកាសដ៏រីករាយសម្រាប់ដំណើរការត្រៀមរៀននៃបវេសនកាលនេះដែរ ក៏មានការប្រគល់ប័ណ្ណសរសើរជូនសមាជិកក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារ, ប្រគល់លិខិតថ្លែងអំណរគុណដល់អង្គការកុមារជ័យ, ដល់អង្គការសមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរ និងប័ណ្ណសរសើរជូនលោកគ្រូអ្នកគ្រូដែលមានស្នាដៃល្អ, ចែករង្វាន់ និងប័ណ្ណសរសើរជូនសិស្សានុសិស្សដែលប្រឡងឌីប្លូម ទទួលបាននិទ្ទេសល្អ, ចែករង្វាន់និងប័ណ្ណសរសើរដល់សិស្សទទួលចំណាត់ថ្នាក់លេខ១, លេខ២, លេខ៣ និងចែកកង់១១គ្រឿងដល់សិស្សក្រីក្រីនោះផងដែរ ៕ អត្ថបទ៖ ណុប-រក្សា




dd
Bottom Ad