12/01/22 09:51 AM
ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានមានប្រសាសន៍ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តធ្វើឡើងដើម្បី ដាក់ផែនការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងពង្រឹងលើវិធានការបង្កាប និងទប់ស្កាត់អោយបានម៉ឹងម៉ាត់ចំពោះបទល្មើសនានា ពិសេស បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមបណ្តាក្រុង ស្រុក ទាំងអស់ក្នុងខេត្តកណ្តាល។
ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកក្កដា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធនានា។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក។
បន្ថែមពីលើនេះ ឯកឧត្តម ក៏បានជំរុញ និងលើទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យ បានល្អប្រសើរ ដើម្បីឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើតួនាទី និងភារកិច្ចរបស់ខ្លួន តាមរយៈការបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋប្រកបដោយស្មារតីមនសិការវិជ្ជាជីវៈ ទទួលខុសត្រូវខ្ពស់ក្នុងការងារ ដែលថ្នាក់លើប្រគល់ជូន ត្រូវគិតផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ខិតខំពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញជាប្រចាំដើម្បីប្រសិទ្ធភាពការងារ។
លើសពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុងស្រុក ទាំងអស់ ត្រូវខិតខំបំពេញកាត្វកិច្ចរបស់ខ្លួន បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរកើនឡើងទ្វេរដង ជាពិសេសត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលនៅសេសសល់កន្លងមក ឲ្យបានឆាប់រហ័ស និងទទួលយកសំណូមពរផងដែរ។
បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាលប្រចាំឆ្នាំ ២០២១ និងលើកទិសដៅឆ្នាំ២០២២ បានឲ្យដឹងថា៖ ក្នុងឆ្នាំ២០២១នេះ បទល្មើសព្រហ្មទណ្ឌកើតឡើង៧៧៩/៦៣៤លើក កើន១៤៥លើក ស្មើ២៣% ក្នុង នោះឧក្រិដ្ឋ៨០/៧១លើក កើន៩លើក ស្មើ១៣% មជ្ឈិម៦៩៩/៥៦៣លើក កើន១៣៦លើក ស្មើ២៤%។ រាល់បទល្មើសខាងលើបណ្តាលឲ្យស្លាប់២៤នាក់ របួស៤២៦នាក់ រងគ្រោះ៣៣០នាក់ បាត់ម៉ូតូ៤៦គ្រឿង រថយន្ត០២គ្រឿង និងសម្ភារមាសប្រាក់មួយចំនួន។
បទល្មើសគ្រឿងញៀន៖ បង្ក្រាបបានចំនួន៥៤៤/៥៧៩ករណី ឃាត់ខ្លួនជនសង្ស័យ៩១៣/៨៨១នាក់ ស្រី៥៩/៣៨នាក់ (ជួញដូរ២៣៥ករណី ឃាត់ខ្លួន៤៤៨នាក់ ស្រី៣៤នាក់ រក្សាទុកសារធាតុញៀនខុសច្បាប់២១៤ករណី ឃាត់ខ្លួន ៣៥៥នាក់ ស្រី២១នាក់ ប្រើប្រាស់២១ករណី ឃាត់ខ្លួន៣៦នាក់ ប្រុស និងអនុវត្តតាមដីកា៧៤ករណី ឃាត់ខ្លួន៧៤នាក់ ស្រី០៤នាក់)។
បង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទចំនួន១៨៩ករណី ឃាត់ខ្លួន១៨៥នាក់ ស្រី៥១នាក់។ គ្រោះថ្នាក់ចរាចរណ៍កើតឡើង១៨៨/១៦៦លើក កើត២២លើកស្មើ១៣ភាគរយ ស្លាប់១៤០/១២៥នាក់ កើន១៥នាក់ស្មើ១២ភាគរយ របួសធ្ងន់ស្រាល២០៧/៣០៨នាក់ ថយ១០១នាក់ស្មើ៤៩ភាគរយ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានស្នើដល់អាជ្ញាធរក្រុង ស្រុក ត្រូវអនុវត្តតាមសារាចររបស់រាជរដ្ឋាភិបាលលេខ០១សរ ស្ដីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង៕