14/01/22 02:37 AM
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល ឯកសណ្ឋាន លក្ខណៈសញ្ញាស័ក្កិ អាវភ្លៀង អង្រឹង ស្បែកជើង ដំបងបញ្ជាចរាចរណ៍ និងសម្ភារប្រើប្រាស់ផ្សេងៗ ជាគោលរបបរបស់កងកម្លាំងនគរបាលជាតិ ប្រចាំឆ្នាំ ២០២១ ពីលោកវរសេនីយ៍ឯក សាន សុបូណ៌មី អនុប្រធាននាយកដ្ឋានភស្តុភារ និងសម្ភារបច្ចេកទេស នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕
មានប្រសាសន៍ក្នុងឱកាសនេះដែរ លោកវរសេនីយ៍ឯក សាន សុបូណ៌មី បានលើកឡើងថា ក្រោមស្មារតីយកចិត្តទុកដាក់ ពីសំណាក់លោក ប្រធាននាយកដ្ឋាន ដល់កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ឯកសណ្ឋាន និងសម្ភារប្រើប្រាស់ ត្រូវបានក្រុមការងារ នៃនាយកដ្ឋានភស្តុភារ និងសម្ភារបច្ចេកទេស ដឹកមកប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សម្រាប់បើកផ្តល់ជូន បងប្អូនកងកម្លាំងនគរបាល យកទៅប្រើប្រាស់ បំពេញភារកិច្ចការងារប្រចាំថ្ងៃ។
លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ បានសម្តែងការអរគុណ ចំពោះការយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តមប្រធាននាយកដ្ឋាន ជាពិសេសលោកវរសេនីយ៍ឯក ព្រមទាំងក្រុមការងារ ដែលបានខិតខំរៀបចំ ដឹកជញ្ជូន ឯកសណ្ឋាន និងសម្ភារប្រើប្រាស់ទាំងអស់នេះ មកប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។ ហើយសម្ភារទាំងនេះដែរ លោកស្នងការក៏បានធ្វើពិធីប្រគល់ជូនដល់ តាមបណ្តាផែនការងារជំនាញ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ និងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ដើម្បីយកទៅបើកជូន បងប្អូនមន្ត្រីនគរបាល ប្រើប្រាស់ បំពេញកាតព្វកិច្ច ឲ្យមានភាពស្រស់សង្ហា សាកសមជាមន្ត្រីនគរបាលជាតិ នឹងលើកកិត្តិយសអង្គភាព ផងដែរ៕