14/01/22 03:09 AM
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានប្រកាសឱ្យ សមាជិករបស់ខ្លួន មកទទួលការចាក់វ៉ាក់សាំងដូសជំរុញទី៤ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីលើកទឹកចិត្តដល់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យមកទទួលវ៉ាក់សាំងដូសជំរុញទី៤ ឱ្យបានគ្រប់គ្នា សំដៅការពារជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលកំពុងតែឆ្លងចូលក្នុងសហគមន៍ ជាបន្តបន្ទាប់។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានប្រកាសដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៣២ អាណត្តិទី៣ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានបង្គាប់ឲ្យមន្រ្ដីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវសហការគ្នាបន្ដផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬទី៤ ដែលជាដូសជំរុញ នៅតាមទីតាំងដែលនៅជិតមូលដ្ឋានរបស់ខ្លួន និងពង្រឹងការអនុវត្តវិធានការសុវត្តិភាព របស់ក្រសួងសុខាភិបាល និងអភិក្រម របស់ប្រមុខរាជរដ្ឋាភិបាល គឺ៣កុំនិង៣ការពារ ដើម្បីការពារខ្លួន ជៀសផុតពីការឆ្លងមេរោគបម្លែងថ្មី ប្រភេទអូមេក្រុង។
គួរបញ្ជាក់ថា សម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងខេត្ត ចាប់ពីថ្ងៃទី១ មីនា ដល់ថ្ងៃទី២១ ធ្នូ ឆ្នាំ២០២១គឺ៖
- សម្រាប់ ប្រជាជន ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ បានចាក់ដូសទី១ សរុប ៨៧៨,៤៩៤នាក់ ស្មើនឹង ១០១,៤៥%។
- ដូសទី២ សរុប ៨៦០,៥៨៨នាក់ ស្មើ ៩៧.៩៦% ។
- ដូសទី៣ ឬ ដូសជំរុញ សរុប ២៤០,៥១៨នាក់ ស្មើ ២៧.៧៨% ។
- ចំពោះកុមារ និងយុវវ័យ អាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចាក់ដូសទី១ សរុប ១៥២,៧៨៥នាក់ ស្មើ ១០៦.២០% នៃផែនការ។ ដូសទី២ សរុប ១៤៦,៧៧១នាក់ ស្មើ៩៦.០៦% ។
- កុមារ អាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ បានចាក់ដូសទី១សរុប ១៦០,៣៣៦នាក់ ស្មើ ១១៨.៩៧% នៃផែនការ និងដូសទី២ សរុប ១៥១,៨០១នាក់ ស្មើ ៩៤.៦៨% ។
- ដោយឡែក សំរាប់ កុមារអាយុ ៥ឆ្នាំ ចាក់ដូសទី១ បាន ២៥,០៩០នាក់ ស្មើ ១១៤.០៥% និងដូសទី២ បាន ១៨,៤៨៦នាក់ ស្មើ ៧៣.៦៨% ៕