17/01/22 05:24 AM
សម្រួលផ្សាយ៖SR276
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០២២នេះ តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការ អាស៊ាន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី១៥ -១៩ ខែមករា ឆ្នាំ២០២២ ។
ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការ អាស៊ាន បានទទួលការអនុញ្ញាតចូលជួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម លឹម ចុក ហ៊ុយ បានបន្តជួបពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
សូមជំរាបថា៖ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការ អាស៊ាននឹងមានជំនួបដាច់ ដោយឡែកពីគ្នាជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារ ជាតិនិងជួបពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ នៅក្នុងឱកាសបំពេញបេសកកម្មផ្លូវការនៅកម្ពុជា ឯកឧត្តមអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ផងដែរ។
ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម លឹម ចុក ហ៊ុយ មកកកម្ពុជាក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន នឹងស្វែងរកមធ្យោបាយនានាដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងលេខាធិការដ្ឋានអាស៊ាន និងក្រសួងពាក់ព័ន្ធនានារបស់កម្ពុជា ដែលស្ថិតនៅក្រោមសសរស្តម្ភទាំងបីរបស់សហគមន៍អាស៊ាន រួមមាន សហគមន៍នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដើម្បីធានាសម្រេចបាននូវសមិទ្ធផលល្អប្រសើរសម្រាប់គ្រួសារអាស៊ានដែលកាន់តែរឹងមាំ និងស្អិតរមួតខ្លាំងឡើង៕