18/01/22 02:35 AM
សម្រួលផ្សាយ៖SR276
ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ បានចុះត្រួតពិនិត្យមើលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនយោធិន និងគ្រួសារនៅមន្ទីរពេទ្យព្រះកេតុមាលា ។
នាឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានដោយបញ្ជាក់ថា៖ ដោយទទួលបានបទបញ្ជាពីរាជរដ្ឋាភិបាល ប្រគល់ភារកិច្ចឱ្យគណៈកម្មការចំពោះកិច្ចក្រសួងការពារជាតិធ្វើការចាក់ឱ្យមន្ត្រីជួរមុខ ក្នុងនោះក៏មានកងយោធពលខេរភូមិន្ទ យោធិន និងគ្រួសារ អតីតយុទ្ធដែលសរុបទាំងអស់ជាង៣១ម៉ឺននាក់ ដោយរាជរដ្ឋាភិបាលយក Pfizer មកចាក់ជូនកងយោធពលខេមរភូមិន្ទ ។ នាយឧត្តមសេនីយ៍ បន្តថា ដោយបានការអនុញ្ញាតពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ឱ្យគណៈកម្មការចំពោះចាក់វ៉ាក់សាំងចាក់ដល់កងយោធពលខេរភូមិន្ទ និងគ្រួសារ ហើយថ្ងៃនេះជាថ្ងៃដំបូងនៃការចាក់នៅមន្ទីរពេទ្យព្រះកេតុមាលា។
នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់បន្ថែមថា គោលគំនិតបើកចាក់លើកដំបូង បើកចាក់ផងសាកល្បងផងដើម្បីឲ្យគ្រប់បណ្តាអង្គភាពទាំងអស់មកមើលដើម្បីរៀនសូត្រតាមពីការចាក់នេះពីព្រោះ Pfizer វាខុសប្លែកពីការចាក់ ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ដោយស៊ីណូវ៉ាក់ និងស៊ីណូហ្វាមរបៀបថែទាំងមានការងាយស្រួលជាង Pfizerនេះ ។ ព្រោះថា ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម យើងយកថ្នាំទៅចាក់មនុស្ស ប៉ុន្តែបើចាក់ Pfizer គឺយកមនុស្សទៅចាក់វ៉ាក់សាំងវិញ ព្រោះមានលក្ខណៈថែទាំ លក្ខណៈចាក់ឲ្យត្រឹមត្រូវតាមបច្ចេកទេសដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពវ៉ាក់សាំងទើបមានការណែនាំជាក់លាក់ពី( ព វ ក ១៩) ពីក្រសួងសុខាភិបាល ដោយ(ព វ ក ១៩) បានបញ្ជូន ឯកឧត្តម ជាលេខាធិការរបស់(ព វ ក ១៩) មកចូលរួមដើម្បីត្រួតពិនិត្យ និងណែនាំផងដែរ ។ ដូន្នេះទើបយើងចាក់សាកល្បង ក្រោយពីយើងចាក់នេះហើយទើបចាប់ផ្តើមពង្រីកចាក់ទៅដល់ទីតាំងផ្សេងៗទៀតក្នុងកងយោធពលខេមរភូមិន្ទ ក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ជើងទឹក ជើងអាកាស អាវុធហត្ថ និងបញ្ជាការដ្ឋានអង្គរក្ស ដែលនឹងពង្រឹងក្នុងពេលដ៏ឆាប់ៗនេះ ។
ដោយឡែកបើតំបន់ណា ឬទីតាំងណាដែលមិនមានលក្ខណៈថែទាំបច្ចេកទេសឲ្យបានតាមលក្ខណៈបច្ចេកទេសតាមវ៉ាក់សាំងទេគឺត្រូវប្រមូលផ្តុំកងទ័ព និងគ្រួសារមកនៅកន្លែងណាដែលជិតបំផុតដែលមានលក្ខណៈថែទាំតាមលក្ខណៈ បច្ចេកទេសគឺចាក់នៅទីនោះតែម្តង។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្តថា ជំហានដំបូងនេះគឺតាមបទបញ្ជាគឺចាក់មន្ត្រីជួរមុខសិនធ្វើយ៉ាងណាចាក់ជូនកងទ័ព គ្រួសារកងទ័ព និងអតីតយុទ្ធជន ឱ្យហើយសិនទើបចាំទទួលបទបញ្ជាឲ្យចាក់កន្លែងផ្សេងបន្តទៀត៕