18/01/22 02:58 AM
សម្រួលផ្សាយ៖SR276
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នេះ បានអនុញ្ញាតជូនឯកឧត្តម លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងការពារជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់ សម្តែង សេចក្តីសោមន្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លីម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន និង គណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ក្នុងនាមម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឱ្យទទួលបានជោគជ័យ។
សម្តេចពិជ័យសេនា បានជម្រាបជូនឯកឧត្តម អគ្គលេខាធិការអាស៊ានជ្រាបថា ការធ្វើម្ចាស់ផ្ទះប្តូរវេនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កម្ពុជាបានរៀបចំកិច្ចប្រជុំចំនួន១៣ និងបាន ត្រៀមរៀបចំឯកសារ ធនធានមនុស្ស និងមធ្យោបាយផ្សេងៗបានរួចរាល់។ ដោយសារប្រទេសកម្ពុជាមានស្ថានភាពល្អក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទើបកម្ពុជាគ្រោងនឹងរៀបចំកិច្ចប្រជុំដោយផ្ទាល់ ដែល គ្រោងនឹងរៀបចំនៅទីស្តីការក្រសួងការពារជាតិថ្មីរនះ និងនៅតាមខេត្តមួយចំនួន។
សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា ទោះបីកម្ពុជាបានរៀបចំឯកសារពាក់ព័ន្ធរួចរាល់សម្រាប់កិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែតម្រូវការធាតុចូលបន្ថែមពីបណ្ដា ប្រទេសអាស៊ាន ពិសេសពីអគ្គលេធិការដ្ឋានអាស៊ាន ទៅលើការងារខ្លឹមសារ និងរដ្ឋបាល ដូចនេះ ស្នើ ឯកឧត្ដម អគ្គលេខាធិការអាស៊ាន បន្តជួយសម្របសម្រួលរាល់កិច្ចការទាំងឡាយពាក់ព័ន្ធនឹងវិស័យការពារជាតិ ពិសេសឯកសារទស្សនទានចំនួន០៣ រួមមាន៖
១-កិច្ចសហប្រតិបត្តិការកងទ័ពអាស៊ានទប់ស្កាត់ការឆ្លងដែន នៃជំងឺកូវីដ-១៩
២-ការចូលរួមប្រតិបត្តិការរក្សាសន្តិភាពស្ត្រីអាស៊ាន សន្តិភាព និងសន្តិសុខ និង
៣-បង្កើតកិច្ចសហប្រតិបត្តិការ សាកលវិទ្យាល័យការពារជាតិអាស៊ាន និងសេចក្ដីថ្លែងការណ៍រួម។
សម្តេចពិជ័យសេនា បានបញ្ជាក់ជូនថា រហូតមកដល់ពេលនេះ កម្ពុជាទើបទទួលបានការស្នើសុំរៀបចំកិច្ច ប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក១ រួមមាន រុស្ស៊ី និងជប៉ុន សូមស្នើ ឯកឧត្តម អគ្គលេខាធិការដ្ឋាន អាស៊ាន ជួយជម្រុញ និងសម្របសម្រួលជាមួយប្រទេសដៃគូដទៃទៀត ក្នុងការស្នើសុំរៀបចំកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក១ ដែលគ្រោងនឹងរៀបចំនៅបំណាច់ឆ្នាំ២០២២ ខាងមុខនេះ។
ឯកឧត្តម លីម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន ថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពី សំណាក់សម្តេចពិជ័យសេនា និងសូមអបអរសាទរចំពោះសម្តេចពិជ័យសេនា ដែលបានក្លាយជាម្ចាស់ផ្ទះប្តូរវេន រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅឆ្នាំ២០២២នេះ។ ក្នុងនាមអគ្គលេខាធិការអាស៊ាន ឯកឧត្តម និងបន្តយកចិត្តទុកដាក់ជួយសម្របសម្រួលរាល់កិច្ចការពាក់ព័ន្ធនឹងវិស័យការពារជាតិ ពិសេសឯកសារទស្សនទានទាំង០៣ ។ បន្ថែមពីលើនេះ ឯកឧត្តម អគ្គលេខាធិការអាស៊ាន នឹងចាត់ក្រុមការងារពិសេស០១ ក្រុមសហការជាមួយក្រុម ការងារក្រសួងការពារជាតិទទួលបន្ទុកកិច្ចការអាស៊ាននេះ។
ឯកឧត្តម អគ្គលេខាធិការអាស៊ាន ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះក្រសួងការពារជាតិកម្ពុជា រៀបចំធ្វើ ជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក នៅឆ្នាំ២០២២ និងបាន ប្ដេជ្ញាចិត្តធ្វើការជាមួយក្រសួងការពារជាតិកម្ពុជា និងសម្របសម្រួលការងារគ្រប់បែបយ៉ាងជាមួយប្រទេសដៃគូទាំងអស់ សំដៅរួមគ្នាជួយរៀបចំកិច្ចប្រជុំដំណើរការឱ្យសម្រេចជោគជ័យ។
សម្តេចពិជ័យសេនា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច និងការប្ដេជ្ញាចិត្តរបស់ឯកឧត្តម អគ្គលេខាធិការ ក្នុងការជួយគាំទ្រដល់កម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កម្ពុជានឹងដំណើរការបានរលូន និងទទួលបានលទ្ធផលជាផ្លែផ្កាតាមការរំពឹងទុក៕