កម្ពុជាត្រូវបានវាយតម្លៃជាលើកដំបូង ដោយស្ថាប័នអង្គការសហប្រជាជាតិ ដើម្បីរៀបចំចាកចេញពីចំណាត់ក្រុមនៃប្រទេសអភិវឌ្ឍតិចតួច


ត្រលប់ក្រោយ

18/01/22 03:49 AM

ចំនួនទស្សនា៖

284

ប្រភព៖

ភ្នំពេញ

សម្រួលផ្សាយ៖សារ៉ន276


ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូZoom ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ជាមួយនឹងសមភាគី លោកស្រី Pauline Thamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក “សិក្ខាសាលាស្តីពីការចាកចេញប្រកបដោយចីរភាពរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច” ដែលរៀបចំដោយ ក្រសួងផែនការ សហការជាមួយនឹង ការិយាល័យសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និង យូអិនអេស្កាប់ ដោយមានការអញ្ជើញចូលរួមពី ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និង តំណាងស្ថាប័នអង្គការសហប្រជាជាតិ។


សិក្ខាសាលានាព្រឹកនេះ ដើម្បីត្រៀមខ្លួនរៀបចំការងារផ្សេងៗទៀតពាក់ព័ន្ធនឹងដំណើរការ និងការត្រៀមរៀបចំការចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីអន្តរការដោយរលូនសម្រាប់អនុវត្តន៍ក្រោយការចាកចេញ ហើយក៏ជាសិក្ខាសាលាលើកទីមួយស្តីពីដំណើរការនិងការត្រៀមរៀបចំការចាកចេញប្រកបដោយចីរភាពរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។


ឯកឧត្តមរដ្ឋមន្ត្រីផែនការបានបញ្ជាក់ថា ការស្តារ និងកសាងប្រទេស ព្រមទាំងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្រោយពីវិនាសកម្មដ៏ធំធេងលើគ្រប់វិស័យដែលបន្សល់ទុកឲ្យ ដោយរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានចាប់ផ្តើមធ្វើឡើងជាបណ្តើរៗ ពីចំណុចសូន្យ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកទល់បច្ចុប្បន្ន ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីគ្រប់មជ្ឈដ្ឋាននៃសង្គមជាតិទាំងមូល ព្រមទាំងការឧបត្ថម្ភគាំទ្រ ពីសហគមន៍អន្តជាតិនាពេលកន្លងមក។


ឯកឧត្តមបានបន្តទៀតថា នៅឆ្នាំ២០២១ កម្ពុជាត្រូវបានវាយតម្លៃជាលើកដំបូង ដោយស្ថាប័នអង្គការសហប្រជាជាតិថា បានបំពេញបាននូវលក្ខខណ្ឌចាំបាច់ទាំងបី ដើម្បីរៀបចំចាកចេញពីចំណាត់ក្រុមនៃប្រទេសអភិវឌ្ឍតិចតួច គឺកម្ពុជាមាន (១) ផលទុនជាតិសរុបសម្រាប់មនុស្សម្នាក់ (GNI per Capita) ១.៣៧៧ដុល្លារ ខ្ពស់ជាងលក្ខខណ្ឌកំណត់ដែលតម្រូវឲ្យមានតម្លៃទាបបំផុត ១.២២២ដុល្លារ, (២) សន្ទស្សន៍ធនធានមនុស្ស (Human Assets Index - HAI) ៧៤,៣ពិន្ទុ ខ្ពស់ជាងលក្ខខណ្ឌកំណត់ដែលតម្រូវឲ្យមានពិន្ទុទាបបំផុត ៦៦ពិន្ទុ, និង (៣) សន្ទស្សន៍ភាពងាយរងគ្រោះនៃសេដ្ឋកិច្ចនិងបរិស្ថាន (Economic and Environment Vulnerable Index) ៣០,៦ពិន្ទុ ទាបជាងលក្ខខណ្ឌកំណត់ដែលតម្រូវឲ្យមានពិន្ទុខ្ពស់បំផុត ៣២ពិន្ទុ។


ចំពោះលទ្ធផលនៃការវាយតម្លៃ នៃការបានបំពេញបាននូវលក្ខខណ្ឌចាំបាច់លើកទីមួយ នៅឆ្នាំ២០២១ខាងលើ ឯកឧត្តមបានបញ្ជាក់បន្ថែមថា គឺផ្អែកលើទិន្នន័យមុនពេលការកើតមានជំងឺកូវីដ-១៩។ វិបត្តិនៃជំងឺកូវីដ-១៩ បានជះផលប៉ះពាល់អវិជ្ជមានដោយឥតព្រាងទុក ទៅលើវឌ្ឍនភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថានដែលកំពុងមានដំណើរការវិជ្ជមាន និងដោយរលូន ជាពិសេស ទៅលើគ្រប់ទិដ្ឋភាពទាំងអស់នៃជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជា ទៅលើវិស័យដែលជាចន្ទល់នៃសេដ្ឋកិច្ច ដូចជា វិស័យទេសចរណ៍ និង វិស័យកម្មន្តសាលកាត់ដេរ។ ជាក់ស្តែង សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់មានការរីកចម្រើនក្នុងអត្រាមួយថេរក្នុងរង្វង់ ៧%ក្នុងមួយឆ្នាំៗ បានជួបប្រទះនឹងកំណើនអវិជ្ជមាន (-៣,១%) នៅឆ្នាំ២០២០ ហើយ អត្រាភាពក្រីក្រ ដែលយោងតាមវិធីសាស្ត្រគណនាថ្មី បានកើនឡើងដល់ ១៧,៨% ដែលមួយផ្នែកគឺដោយសារការបាត់បង់ និងព្យួរការងារ នៅក្នុងវិស័យកម្មន្តសាលកាត់ដេរនិងវិស័យទេសចរណ៍។


ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដើម្បីស្ដារកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងពេលចំពោះមុខ និងក្នុងរយៈពេលមធ្យម ប្រកបដោយចីរភាពនិងបរិយាប័ន្ន ក៏ដូចជា ដើម្បីដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្រ្ត សំដៅពង្រឹងភាពធន់សង្គម-សេដ្ឋកិច្ច (socio-economic resilience) ក្នុងរយៈពេលវែង តាមរយៈសសរស្តម្ភ ៣ គឺ ការស្តារ(Recovery), ការកែទម្រង់ (Reform) និងការកសាងភាពធន់(Resilience)៕



dd
Bottom Ad