18/01/22 04:37 AM
ដោយ៖ណុប-រក្សា
បន្ទាយមានជ័យ៖ សម្ថកិច្ចចម្រុះ មានមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលស្រុកអូរជ្រៅ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅនិងកម្លាំងយោធាស្រុកអូរជ្រៅ និងលោកមេឃុំអូរបីជាន់ ដឹកនាំសម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងខេត្ដបន្ទាយមានជ័យ ។
នៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានចុះបង្ក្រាបជាក់ស្ដែងទីតាំង លួចនាំចូលសត្វជ្រូកដោយខុសច្បាប់ពីប្រទេសថៃ និងផលិតផលពីសត្វ នៅចំណុចភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មនិងរុក្ខាប្រម៉ាញ់ ខេត្ដបន្ទាយមានជ័យ បានឲ្យដឹងថា៖ ដើម្បីទប់ស្កាត់ការលួចនាំចូលផលិតផល មានដើមកំណើតពីសត្វ ដោយខុសច្បាប់ពីប្រទេសជិតខាង មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលផ្ទាល់ដោយលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដបន្ទាយមានជ័យ ចុះបង្ក្រាបជាក់ស្ដែងទីតាំងមួយកន្លែង ដែលលួចនាំចូលសត្វជ្រូកដោយខុសច្បាប់ពីប្រទេសថៃ និងផលិតផលដើមកំណើតពីសត្វ ដែលមានម្ចាស់ឈ្មោះ តាំ ជ័យ ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន នៅភូមិអូរបីជាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ។
លោកប្រធានការិយាល័យ បានបញ្ជាក់ថា៖ ក្នុងប្រតិបត្តិការបង្រ្កាបនេះ ដោយម្ចាស់ទីតាំងបានដឹងខ្លួនមុន ហើយបានគាស់ទ្រុងព្រលែងសត្វជ្រូករស់ប្រមានជា៧០ក្បាលឲ្យរត់ចូលក្នុងព្រៃអស់នៅសល់តែ០២ក្បាលក្នុងទ្រុង ហើយម្ចាស់ទីតាំងឈ្មោះ តាំ ជ័យ ក៏បានរត់គេចខ្លួនបាត់ផងដែរ ។ជាមួយគ្នានោះសមត្ថកិច្ចចម្រុះ បានឆែកឆេរទីតាំងនោះរកឃើញសត្វជ្រូកដែលធ្វើរួចំនួន០៩ក្បាល ។
លោក ហ៊ុយ ទូច បានបញ្ជាក់ថា៖ តាមការណែនាំពីលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដបន្ទាយមានជ័យ ចំពោះម្ចាស់ទីឈ្មោះ តាំ ជ័យ ឲ្យមន្ត្រីជំនាញផលិតកម្មនិងបសុព្យា បាលខេត្ត រៀបចំសំណុំរឿងតាមនិតិវិធីបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត ៕